បន្ទាយមានជ័យ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ មន្ដ្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែបន្តការផ្តល់សេវាបែបបទទិន្នការនានា និងការរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយ ជូនដល់ភ្ញៀវជាតិ - អន្តរជាតិ និងមានការចែកក្រម៉ា ទឹកសុទ្ធ នំប៉័ង ជូនពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលព្រះរាជាណាចក្រកម្ពុជា ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយក្នុងមួយថ្ងៃៗមានចំនួនយ៉ាងច្រើនកុះករផងដែរ។
អនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានប្រសាសន៍ថា ការចែកក្រម៉ា ទឹកសុទ្ធ និងនំប៉័ងជូនដល់ពលករខ្មែរដែលវិលត្រឡប់ចូលប្រទេសកម្ពុជាក្នុងឱកាសពិធីបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលនេះ គឺបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ទើបត្រូវបានបញ្ចប់។
លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន បានបន្តថា ស្របពេលប្រទេសជាតិកំពុងតែមានការអភិវឌ្ឍរីកចម្រើន យើងសង្កេតឃើញថាកំណើនបងប្អូនប្រជាពលរដ្ឋដែលធ្វើការចំណាក់ស្រុកវិលមកស្រុកកំណើតរបស់ខ្លួនម្នាក់ៗ ហាក់មានជីវភាពធូរធានគ្រាន់បើទើបពួកគាត់មានលទ្ធភាពបានធ្វើដំណើរមកលេងស្រុកកំណើតយ៉ាងច្រើនកុះករយ៉ាងដូច្នេះ ដោយក្នុងមួយថ្ងៃៗមានចំនួនកើនឡើងជាលំដាប់ជារាងរាល់ថ្ងៃផងដែរ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ការឆ្លងដែនរបស់បងប្អូនពលករខ្មែរយើងចូលតាមច្រកប៉ោយប៉ែតនេះដែរ គឺមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់មន្រ្តីនគរបាលច្រកទ្វារ ធ្វើយ៉ាងណាសម្រួលដល់ការផ្តល់សេវាជូនដល់ពួកគាត់ឲ្យមានភាពជឿជាក់រហ័សទាន់ចិត្តផងដែរ៕ អរគុណសន្ដិភាព