សិង្ហបុរី៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបពិភាក្សាការងារជាមួយលោក Song Chern Wei អគ្គនាយករងទទួលបន្ទុកកម្មវិធីសិក្សាក្នុងវិស័យអប់រំ នៃប្រទេសសិង្ហបុរី ក្នុងអំឡុងទស្សនកិច្ចនៃកម្មវិធី Lee Kuan Yew Exchange Fellowship នៅប្រទេសសិង្ហបុរី។
ក្នុងជំនួបនេះ លោក អគ្គនាយករងទទួលបន្ទុកកម្មវិធីសិក្សាក្នុងវិស័យអប់រំសិង្ហបុរី បានបង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធអប់រំរបស់ប្រទេសសិង្ហបុរី ដើម្បីសម្របទៅនឹងដំណាក់កាលនីមួយៗនៃបម្រែបម្រួលសេដ្ឋកិច្ច ការអភិវឌ្ឍជំនាញសតវត្សទី២១នៅក្នុងសាលារៀន ការរៀបចំសកម្មភាពបន្ថែមនៅក្នុងកម្មវិធីសិក្សា ការអប់រំកាយដើម្បីធ្វើឱ្យរាងកាយមានភាពសកម្ម និងសុខភាពល្អ ការលើកកម្ពស់ជំនាញឌីជីថល និងបច្ចេកវិទ្យា ការពង្រឹងការគាំទ្រស្មារតីនិងសុខុមាលភាព និងការអប់រំកម្រិតឧត្តមសិក្សា។ ជាមួយនេះដែរ លោកអគ្គនាយករង បានលើកឡើងអំពីការគាំទ្រ និងពង្រីកបន្ថែមនូវគន្លងនៃការសិក្សាពេញមួយជីវិតដោយរៀបចំកម្មវិធីសិក្សាឱ្យមានភាពចម្រុះ និងបង្កើនឱកាសបន្ថែម ធ្វើឱ្យប្រសើរឡើងនៃការអប់រំនៅថ្នាក់មត្តេយ្យសិក្សា និងការបង្កើនភាពបត់បែននៃការសិក្សាតាមការអនុវត្តកម្មវិធី Full Subject-Based Banding។
ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធអប់រំនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកំណែទម្រង់វិស័យអប់រំជាច្រើនដំណាក់កាលនៅកម្ពុជា ដែលបានចាប់ផ្តើមពីការធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ តាមរយៈការពង្រឹងបន្ថែមសមត្ថភាពគ្រូបង្រៀន និងវិធីសាស្ត្របង្រៀន ការពង្រឹងការគ្រប់គ្រងនៅតាមសាលារៀន ការលើកកម្ពស់បច្ចេកវិទ្យាអប់រំ វិធីសាស្ត្របង្រៀនបែបចម្រុះ និងការសហការជាមួយដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ។
ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តធ្វើកំណែទម្រង់វិស័យអប់រំ បន្តកែលម្អកម្មវិធីសិក្សាឱ្យកាន់តែប្រសើរឡើង ឆ្ពោះទៅរកគុណភាពដូចបណ្ដាប្រទេសអភិវឌ្ឍក្នុងតំបន់ ដោយរៀនសូត្រពីឧត្តមានុវត្តន៍នៃប្រព័ន្ធអប់រំរបស់សិង្ហបុរី និងបណ្តាប្រទេសនានាទូទាំងពិភពលោក ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាអាទិភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០៕
២១ មេសា ២០២៥ | ប្រទេសសិង្ហបុរី
អរគុណសន្តិភាព