ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ជាមួយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សារកដំណោះស្រាយបញ្ចប់វិវាទដីធ្លី ដែលមានភាពស្មុគស្មាញ ដែលនៅសេសសល់ក្នុងខេត្តបាត់ដំបង។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប., ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ជាតំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ព្រមទាំងតំណាងរដ្ឋបាលស្រុក ឃុំនានានៃខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រជុំនេះ, ក្នុងនាមជាអាជ្ញាធរដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមកិច្ចសហការជាមួយក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ បានខិតខំពិភាក្សារកដំណោះស្រាយ ដើម្បីបញ្ចប់វិវាទដីធ្លីដែលនៅសេសសល់នៅក្នុងខេត្តបាត់ដំបង និងមានលក្ខណៈស្មុគស្មាញ ចំនួន ៥ករណី។
ជាលទ្ធផល, អង្គប្រជុំបានរួមគ្នាសម្រេចដាក់ចេញនូវការងារបន្តជូនដល់យន្តការដែលមានការពាក់ព័ន្ធ ដើម្បីជំរុញដោះស្រាយបិទបញ្ចប់វិវាទស្មុគស្មាញទាំង ៥ករណី នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ឱ្យបានឆាប់រហ័ស តាមផែនការដែលបានគ្រោងទុក។ អរគុណសន្ដិភាព