ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៉ី ជីនពីង​ ប្រធានាធិបតីចិន នៅកម្ពុជា


   ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំផែនការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៉ី ជីនពីង (XI JINPING) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការចូលរួមពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ, បញ្ជាការដ្ឋានអង្គរក្ស, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល, អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងបណ្ដាស្ថាប័ន អង្គភាពពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានឯកភាពទាំងស្រុងចំពោះផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដែលបានរៀបចំ និងធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា គ្រប់កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន និងគណៈប្រតិភូជាន់ខ្ពស់នៅប្រទេសកម្ពុជា ដោយសហការគ្នាឲ្យបានល្អ និងទទួលខុសត្រូវខ្ពស់គ្រប់ពេលតាំងពីចំណុចចាប់ផ្ដើម រហូតដល់បញ្ចប់ទស្សនកិច្ច។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យកម្លាំងទាំងអស់ត្រូវរក្សាកាយវិការទន់ភ្លន់ ចំពោះប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវក្បួនឆ្លងកាត់ តែត្រូវម៉ឺងម៉ាត់នូវអ្វីដែលភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនចំពោះបេសកកម្មដ៏ធំនេះ។ 

លើសពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានសុំនូវការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះការសម្រួល និងបង្វែរចរាចរណ៍ ដើម្បីឲ្យក្បួនគណៈប្រតិភូឆ្លងកាត់ដោយរលូន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំបន្ថែមដល់កម្លាំងទាំងអស់ នៅពេលក្បួនឆ្លងកាត់រួចរាល់ ត្រូវជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលអាចកកស្ទះដោយប្រការណាមួយបណ្ដាលមកពីការបិទផ្លូវចរាចរណ៍បណ្ដោះអាសន្ននេះផងដែរ៕ អរគុណសន្ដិភាព







Post a Comment

Previous Post Next Post