ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ, តំណាងអយ្យការទទួលបន្ទុកមណ្ឌលអប់រំកែប្រែទាំង៤ និងប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ព្រមទាំងមន្ត្រីជំនាញមួយចំនួននៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។
គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន ៤៩៤ នាក់ (ស្រី ៣៥នាក់) និងពិធីបុណ្យវិសាខបូជា ចំនួន ៤០៦ នាក់ (ស្រី ៤១នាក់) សរុបទាំងពីរកម្មវិធីបុណ្យមានចំនួន ៩០០ នាក់ (ស្រី ៧៦ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២១ និងមណ្ឌលអប់រំកែប្រែចំនួន៤។ អរគុណសន្ដិភាព