ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ពិធីនេះ ក៏មានការនិមន្តចូលរួមពីព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃ និងព្រះថេរានុថេរៈ ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បុគ្គលិកសុខាភិបាល ប្រជាការពារ និងតាជីយាយជី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ២,៦៥០អង្គ/នាក់។
ក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានជម្រាបជូនអង្គពិធីថា វត្តឧប្បលវត្តី ហៅវត្តឈូក បានផ្តួចផ្តើមកសាងឡើងនាឆ្នាំ១៩៥៩ បើគិតមកដល់បច្ចុប្បន្ននេះមានអាយុកាលប្រមាណ ៦៦ឆ្នាំ លើផ្ទៃដីទំហំ ៤៧.០០០ម៉ែត្រការេ ដឹកនាំផ្តួចផ្តើមដោយព្រះគ្រូចៅអធិការ ៤ព្រះអង្គ ដែលមាន ព្រះគ្រូនាម ទូច កេន ព្រះគ្រូនាម ហ៊ូង ហ៊ាន ព្រះគ្រូនាម ឃួយ អ៊ាង និងព្រះគ្រូចៅអធិការ ឡេង នាត ដែលកំពុងដឹកនាំកសាងវត្តនាពេលបច្ចុប្បន្ននេះ។ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការគោរពដឹងគុណ ចំពោះគុណូបការៈដ៏ធំធេងរបស់សម្តេចទាំងបី ជាប្រមុខដឹកនាំ និងជាមគ្គុទេសន៍ដ៏ឈ្លាសវៃ ក្នុងការសង្គ្រោះរំដោះប្រទេសជាតិមាតុភូមិ សាសនា ដោយបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ធើ្វពលិកម្មគ្រប់បែបយ៉ាង ក្នុងការដឹកនាំ ស្ថាបនា ស្តារ និងអភិវឌ្ឍប្រទេសជាតិ ឱ្យទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស រក្សាបានស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺទទួលបានការចូលរួមឧបត្ថម្ភគាំទ្រមួយផ្នែកធំពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ រួមជាមួយសប្បុរសជន ពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសជាច្រើនទៀត។
ថ្លែងក្នុងពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំមកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនអ្នកស្រុកក្រូចឆ្មារ និងសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក នាពេលនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធផលទាំងឡាយដែលយើងធ្វើការសម្ពោធនាពេលនេះ គឺកើតចេញដោយផ្ទាល់ពីកិច្ចខិតខំប្រឹងប្រែង និងការឧបត្ថម្ភជ្រោមជ្រែងពីសប្បុរសជនជិតឆ្ងាយទាំងអស់ ប៉ុន្តែយើងទាំងអស់គ្នា ក៏គួរចងចាំថា កត្តា ដែលអនុញ្ញាតឱ្យយើងទាំងអស់គ្នា អាចមានឱកាសចូលរួមជួយសាងសង់សមិទ្ធផលទាំងអស់នេះបាន គឺដោយយើងទាំងអស់គ្នារស់នៅក្រោមដំបូលនៃសុខសន្តិភាព ជាមួយជំនឿសាសនាដ៏ពេញលេញ និងជីវភាពធូរធាររបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលអាចទាញយកជាមេរៀនជីវិត ព្រមទាំងជាការចងចាំមិនអាចបំភ្លេចបាន នូវអ្វីដែលប្រជាជាតិរបស់យើង បានឆ្លងកាត់មកដល់ពេលសព្វថ្ងៃនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យើងមិនរស់ក្នុងអតីតកាលទេ ក៏ប៉ុន្តែអតីតកាលបានបញ្ជាក់នូវមេរៀនប្រវត្តិសាស្ត្រ និងភាពជូរចត់នៃសង្គមជាតិ និងប្រជាជនរបស់យើងដូចគ្នាដែរ ហើយអ្វីដែលយើងអាចទាញយកជាមេរៀននៃប្រវត្តិសាស្ត្រនេះ មិនខុសពីព្រះរាជបណ្តាំរបស់សម្តេចតាទេ គឺជាការចងចាំ និងក្រើនរំលឹកជាប្រចាំថា ខ្មែររួបរួម គឺខ្មែរខ្លាំង។ "សូមបន្តការជឿជាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា មិនថាក្នុងបរិយាកាសសប្បាយរីករាយ ឬក៏ជួបនូវវិបត្តិយ៉ាងណា យើងអាចឆ្លងកាត់ការលំបាកជាមួយគ្នា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាមួយគ្នា។" ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម។
សូមជម្រាបថា សមិទ្ធផលត្រូវឆ្លង និងសម្ពោធនាពេលនេះ រួមមាន៖ ដំបូលព្រះវិហារ, ឧបដ្ឋានសាលា, កុដិថ្មី, កញ្ចុះ, ផ្លូវបេតុង, ចេតិយ៍ព្រះសព, បន្ទប់ទឹក និងទីចាត់ការ៕ អរគុណសន្តិភាព