អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញអមដំណើរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារ អញ្ជើញចុះពិនិត្យដំណើរការរបស់កសិដ្ឋានចិញ្ចឹមគោ ឌីភី ស្ថិតនៅភូមិអូរល្ពៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ក្នុងស្មារតីគ្រប់គ្រង និងអភិរក្សបឹងទន្លេសាប ក្រុមការងារតម្រង់ទិសលើកស្ទួយជីវភាពសហគមន៍ពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប លើកទឹកចិត្តឱ្យមានការបង្កើតនូវខឿនសេដ្ឋកិច្ចថ្មី ដូចជាការចិញ្ចឹមគោពូជ និងគោយកសាច់ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។
សូមជម្រាបផងដែរថា កាលពីដើមខែមីនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបង្ហើបពីគម្រោងបើកដំណើរការលក់សាច់គោ វ៉ាគូរ អែងកាស់ នៅកសិដ្ឋាន ឌីភី ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមួយរយៈចុងក្រោយ អ្នកឧកញ៉ាបានធ្វើដំណើរទៅទស្សនកិច្ចសិក្សាកសិដ្ឋានចិញ្ចឹមគោជាច្រើន នៅបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសជប៉ុន ចិន និងប្រទេសថៃ ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗរបស់កសិដ្ឋានចិញ្ចឹមគោប្រទេសទាំងនោះ៕ អរគុណសន្ដិភាព