សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសបរទេសនៅកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត Salah Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា​ ចូលជួបសម្តែងការគួរសម


   នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសចំនួន១១ប្រទេសដឹកនាំដោយ លោកបណ្ឌិត សាឡា អ៉ីសា(Salah Essa) កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា​ ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្រោយជំនួបបានឲ្យដឹងថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីករាយ និងស្វាគមន៍ចំពោះវត្តមាននៃបណ្ដាប្រតិភូកុងស៊ុលកិត្តិយសទាំង១១ប្រទេស ដែលបានជួបសម្ដែងការគួរសមនាពេលនេះ។ សម្ដេចតេជោរំពឹងថា តាមរយៈជំនួបនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយនឹងបណ្ដាប្រទេសទាំង១១មានភាពរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះលោក Salah Essa ដែលជាតំណាងកិត្តិយសបានលើកឡើងដោយថ្លែងនូវអំណរគុណចំពោះសម្ដេចតេជោដែលបានផ្ដល់ឱកាស និងអនុញ្ញាតឲ្យតំណាងកុងស៊ុលកិត្តិយសទាំង១១បានជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភានៅថ្ងៃនេះ។ លោកក៏បានអបអរសាទរសម្ដេចតេជោដែលបានទទួលតួនាទីជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបង្ហាញនូវក្តីរីករាយចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោកាលពីនៅជានាយករដ្ឋមន្ត្រី និងភាពរីកចម្រើនរបស់កម្ពុជាមកដល់ពេលនេះដែលដឹកនាំបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ 

នៅក្នុងឱកាសនោះ សម្ដេចតេជោបានរំលេចអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយនឹងប្រទេសទាំង១១ ជាពិសេសគឺផ្ដោតទៅលើការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជាមួយនឹងបណ្ដាប្រទេសទាំងនោះឲ្យមានការកើនឡើងបន្ថែមទៀតដែលជាការចង់បានរបស់ប្រទេសកម្ពុជា។ សម្ដេចតេជោក៏ចង់ឲ្យប្រទេសទាំង១១នោះ គឺជួយបន្ថែមទៀតដល់ប្រទេសកម្ពុជា មិនត្រឹមតែក្នុងក្របខណ្ឌនៃហិរញ្ញវត្ថុប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលកម្ពុជាចង់បាននោះ គឺការបណ្ដុះបណ្ដាលនូវធនធានខួរក្បាល គឺសំដៅទៅលើធនធានមនុស្សរបស់ប្រទេសកម្ពុជាឲ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត ដែលជាក្តីចង់បានដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល។

នៅក្នុងឱកាសនោះដែរ គឺលោក Salah Essa បានលើកឡើងថា លោកនឹងខិតខំប្រឹងប្រែងជាមួយនឹងតំណាងនៃកុងស៊ុលកិត្តិយសទាំង១០រូបទៀត ក្នុងការធ្វើយ៉ាងណាឲ្យការធ្វើវិនិយោគពាណិជ្ជកម្មអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសទាំង ១១មានការរីកចម្រើនបន្ថែមទៀតជាពិសេសលោកនឹងខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគក្នុងចំណោមប្រទេសទាំង១១នោះ មកវិនិយោគរកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត។ លោក Salah Essa ក៏បានសរសើរដែរ ពីលក្ខណៈអំណោយផលរបស់ប្រទេសកម្ពុជាដែលមានកត្តាសុខសន្តិភាពក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន កន្លងទៅ

និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្នដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព និងរីកការកចម្រើន និងកត្តាសន្តិសុខល្អប្រសើរថែមទៀត ដែលអំណោយផលនៃបណ្ដាប្រទេសទាំង១១ មកទស្សនានៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀតដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះលោក Salah Essa ក៏ដូចជាតំណាងនៃកុងស៊ុលកិត្តិយសទាំង១០ផ្សេងទៀតដែលបានវាយតម្លៃដោយសុទិដ្ឋិយមចំពោះការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា រួមទាំងកត្តាសន្តិសុខផងដែរ។ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់ប្រតិភូកុងស៊ុលកិត្តិយសដែលបានជួបសម្ដេចនៅក្នុងឱកាសនេះ ហើយសម្ដេចបានមានប្រសាសន៍ថា កម្ពុជារង់ចាំធ្វើការជាមួយនឹងបណ្ដាស្ថាប័ន ក៏ដូចជាបណ្ដានៃប្រទេសទាំង១១នោះ ដើម្បីធ្វើយ៉ាងណាជំរុញនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគឲ្យកាន់តែល្អប្រសើរនៅក្នុងក្របខណ្ឌរវាងកម្ពុជា ជាមួយនឹងបណ្តាប្រទេសទាំង១១។ សម្ដេចតេជោក៏បានចែករំលែកអំពីបញ្ហាពិភពលោកដែលកំពុងកើតមានដូចជា បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសង្គ្រាមពាណិជ្ជកម្មជាដើម ដែលចាំបាច់អោយភាគីទាំងអស់ត្រូវធ្វើរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ដើម្បីគោលដៅប្រយោជន៍នៃបណ្ដាប្រទេសទាំងសងខាង ទាំងតំបន់ក៏ដូចជាពិភពលោកដែរ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរចំពោះតំណាងកុងស៊ុលកិត្តិយសទាំង១១ប្រទេស ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមឱ្យតំណាងកុងស៊ុល កិត្តិយសទាំងអស់ បានរីករាយ និងបានឃើញនូវអ្វីដែលជាភាពសប្បាយរីករាយបន្ថែមទៀតរបស់ប្រជាជនកម្ពុជា ក៏ដូចជាចូលរួមរីករាយជាមួយនឹងកម្ពុជានៅក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ៕



















Post a Comment

Previous Post Next Post