ប៉ៃលិន៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ បានអញ្ជើញពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាព ត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិន អោយបានអធិកអាធម សម្រាប់បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើង អោយបានច្រើនកុះករ ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ដូច្នេះរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង ៣ប្រភេទ នឹងសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ បរិវេណវិមានឯករាជ្យខេត្ត និងដងស្ទឹងប៉ៃលិន ដែលកំពុងឈូសឆាយរៀបចំ កែលម្អនាពេលនេះ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អ ទើបយើងមានឱកាសរៀបចំកម្មវិធីបុណ្យទៀននានា ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងសុខដុមរមនា។
សូមរំលឹកថា៖ សម្រាប់សង្ក្រានប៉ៃលិន រយៈពេល ៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ កន្លងទៅ គឺខេត្តប៉ៃលិនទទួលបាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបរួម ៨០៨២៨៩នាក់ ក្នុងនោះភ្ញៀវជាតិ ៧៨៨២៦៥នាក់ និងភ្ញៀវអន្តរជាតិ ២០០២៤នាក់ បានមកលេងកម្សាន្តយ៉ាង ច្រើនកុះករនៅតាមតំបន់ រមណីយដ្ឋានទេសចរណ៍នានាៗក្នុងខេត្ត និងទីកន្លែងប្រគុំតន្ត្រីរាំកំសាន្ត តំបន់ត្រជាក់ចិត្ត ដែលរៀបចំដោយរដ្ឋបាលខេត្ត៕
អត្ថបទ៖ លោក ញ៉ឹប បូរី