អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពលើការងារសវនកម្មផ្ទៃក្នុង និងអភិបាលកិច្ច»


   ទីស្ដីការក្រសួងមហាផ្ទៃ ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី«ការអភិវឌ្ឍសមត្ថភាពលើការងារសវនកម្មផ្ទៃក្នុង និងអភិបាលកិច្ច» ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេងអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងសិក្ខាកាមចូលរួម ចំនួន ១៩៦នាក់ ចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោក លោកស្រី ជាគ្រូបង្គោលទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងការងារដ៏មមាញឹក ចូលរួមធ្វើបទបង្ហាញ ដែលជាកម្លាំងចលករដ៏សំខាន់បំផុត ក្នុងការជំរុញវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពលើការងារសវនកម្មផ្ទៃក្នុង និងអភិបាលកិច្ច» របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឱ្យទទួលបានជោគជ័យនាពេលនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បន្ដថា ទាំងនេះ ជាសមិទ្ធផលដែលអគ្គនាយកដ្ឋានសម្រេចបាននៅដើមឆ្នាំ ២០២៥ នេះ និងជាសក្ខីភាពគំរូមួយ ដែលត្រូវគាំទ្រ និងបន្តជំរុញអនុវត្តឱ្យបានជាប្រចាំ និងចាំបាច់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ទៅនឹងការវិវឌ្ឍនៃរបត់ការងារនាពេលបច្ចុប្បន្ន និងការកែទម្រង់ផ្សេងៗ របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។

ឯកឧត្តម អគ្គនាយក បានគូសបញ្ជាក់បន្ថែមទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងពិតជាមានសារសំខាន់ ដែលយើងគ្រប់រូបអាចស្វែងយល់ពីចំណុចសំខាន់ៗជាច្រើន នៅក្នុងមុខងារសវនកម្មផ្ទៃក្នុង ព្រមទាំងមូលដ្ឋានគ្រឹះ និងគោលការណ៍ស្នូលរបស់អភិបាលកិច្ចល្អ ព្រមទាំងជាប្រយោជន៍ និងបង្កើនសមត្ថភាពបន្ថែមទៀត ទាំងការជំរុញផ្នែកគ្រប់គ្រង និងការអនុវត្តការងារនៅក្នុងអង្គភាព ជាពិសេសការអនុវត្តការងារស្នូលលើការធ្វើសវនកម្ម ដើម្បីការផ្តល់នូវការវាយតម្លៃ និងប្រសិទ្ធភាពនៃការគ្រប់គ្រងសវនដ្ឋាន ការកាត់បន្ថយ ការបង្ការហានិភ័យ និងការកសាងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឱ្យកាន់តែមានរឹងមាំ ដើម្បីធានាបានថា កិច្ចប្រតិបត្តិការរបស់សវនដ្ឋាន ត្រូវបានអនុវត្តប្រកបដោយភាពសន្សំសំចៃ អនុលោមភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕











Post a Comment

Previous Post Next Post