ក្រសួងយុត្តិធម៌រៀបចំពិធីសំណេះសំណាល និងពិធីពិសាអាហារសាមគ្គី ដើម្បីអបអរសាទរខួបទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ២០២៥


   នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤, ក្រសួងយុត្តិធម៌បានរៀបចំពិធីសំណេះសំណាល និងពិធីពិសាអាហារសាមគ្គីរួមគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួងយុត្តិធម៌ ដើម្បីអបអរសាទរខួបទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ២០២៥ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា, ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា,  ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល, លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំង ថ្នាក់ដឹកនាំនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ នៃក្រសួងយុត្តិធម៌ យ៉ាងច្រើនកុះករ។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងយុត្តិធម៌ ជាពិសេស ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី ទាំងនៅក្នុងក្រសួងយុត្តិធម៌ ទាំងក្នុងក្របខ័ណ្ឌនៃវិស័យយុត្តិធម៌ទាំងមូល ដែលបានរួមចំណែកយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ជាពិសេស លើការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា សំដៅរួមចំណែកក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដែលជាកត្តាដ៏សំខាន់ក្នុងការជួយពង្រឹងស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាជួយពង្រឹងនូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើវិស័យនេះ។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យស្រ្តីដែលបំពេញការងារនៅក្នុងវិស័យយុត្តិធម៌ទាំងមូល បន្តបង្កើន និងពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ជាពិសេស ចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ថ្មីៗ ក៏ដូចជា ពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ដែលជាការវិនិយោគសម្រាប់អនាគតរបស់ខ្លួន ព្រមទាំង ដើម្បីបង្កើនឱកាសរបស់ខ្លួនប្រកួតប្រជែងជាមួយបុរសសម្រាប់តួនាទី ភារកិច្ច និងមុខតំណែងនានានៅក្នុងស្ថាប័នរបស់ខ្លួន ព្រមទាំងបន្តបង្កើនការចូលរួមរបស់ខ្លួននៅក្នុងកិច្ចប្រជុំ, វេទិកា, កិច្ចពិភាក្សា ក៏ដូចជា សកម្មភាពការងារនានា។ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ, មន្រ្តីរាជការ និងបុគ្គលិកជាស្រី្តទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបំពេញមុខងាររបស់ខ្លួនបន្តទៀត ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចជូនអង្គពិធីថា ផ្អែកតាមគោលការណ៍ “គុណាធិបតេយ្យ” រាល់ការជ្រើសរើសមន្ត្រី និងការតែងតាំងឱ្យកាន់មុខតំណែងទទួលខុសត្រូវនានា នឹងផ្តោតសំខាន់លើឆន្ទៈ សមត្ថភាព និងស្នាដៃរបស់មន្ត្រី ហើយក្នុងករណីដែលមានបេក្ខភាពមានសមត្ថភាពដូចគ្នា ឬប្រហាក់ប្រហែលគ្នារវាងបុរស និងនារី ការតែងតាំងនោះនឹងត្រូវផ្តល់អាទិភាពជាពិសេសដល់នារីមុន។

ដើម្បីជាការអបអរសាទរខួបទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ២០២៥, នៅក្នុងពិធីនេះមានការរៀបចំប្រគល់នូវបាច់ផ្កា ថវិកា និងវត្ថុអនុស្សាវរីយ៍ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការជាស្រ្តី។ បន្ថែមពីនេះ ក៏មានការរៀបចំកម្មវិធីចាប់រង្វាន់យ៉ាងច្រើន រួមមាន ថវិកា, ម៉ូតូ, កុំព្យូទ័រយួរដៃ, ទូទឹកកក, ម៉ាស៊ីនបោកសម្លៀកបំពាក់, ឆ្នាំងដាំបាយអគ្គិសនី និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត។























Post a Comment

Previous Post Next Post