(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។ ពិធីនេះបានរៀបចំធ្វើនៅបញ្ជាការដ្ឋានកងទ័ជើងគោក។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១៤ ដែលបានរៀបចំប្រារព្ធពិធីដ៏មានសារៈសំខាន់នាពេលនេះ ដើម្បីរំលឹកពីភាពអង់អាចក្លាហាន នៃការតស៊ូទាមទារសិទ្ធិសេរីភាពស្មើគ្នារបស់នារី និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាច និងតម្លៃយោធិននារីគ្រប់រូបនៅក្នុងកងយោធពលខេមរភូមិន្ទ និយាយជារួម និងនៅក្នុងកងទ័ពជើងគោក និយាយដោយឡែក។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក ក៏ដូចជាការចូលរួមកន្លងមករបស់ប្អូនៗ ក្មួយៗ ជាយោធិននារី នៅក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី ក្នុងរយៈពេលកន្លងមក។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានមានប្រសាសន៍ថា៖ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំនេះ ត្រូវបានប្រារព្ធក្រោមប្រធានបទ « ស៊ី-ដ » សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដោយហេតុថាឆ្នាំ២០២៥ នេះ អង្គការសហប្រជាជាតិ នឹងប្រារព្ធទិវា អន្តរជាតិនារីដើម្បីអបអរសាទរខួបទី៣០ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំងដែលបានដាក់ចេញដោយ តំណាងរដ្ឋ និងរដ្ឋាភិបាលមកពីប្រទេសចំនួន ១៨៤ ប្រទេស នូវវិធានការ គោលនយោបាយ ផែនការ សកម្មភាព នៅក្នុងវិស័យសំខាន់ៗ ដូចមានចែងក្នុងអនុសញ្ញាអន្តរជាតិស្តីពី «ស៊ី-ដ» ដែលមានដូចជា ស្ត្រីនិង ភាពក្រីក្រ, ស្ត្រីនិងការអប់រំបណ្តុះបណ្តាល, ស្ត្រីនិងសុខភាព, អំពើហិង្សាលើស្ត្រី, ស្ត្រីនិងជម្លោះប្រដាប់អាវុធ ស្ត្រីនិងសេដ្ឋកិច្ច, ស្ត្រីនិងការធ្វើសេចក្តីសម្រេចនិងសិទ្ធិអំណាច, យន្តការស្ថាប័នសម្រាប់លើកកម្ពស់ស្ត្រី, សិទ្ធិមនុស្សរបស់ស្ត្រី, ស្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយ, ស្ត្រីនិងបរិស្ថាន, និងក្មេងស្រី។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏សកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា គោលជំហរនយោបាយនេះ នៅតែបន្តពង្រឹង និងអនុវត្ត ហើយការផ្តល់អាទិភាព ដល់ស្ត្រីនៅតាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិធានការនានា សំដៅដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី កម្ពុជាត្រូវបានដាក់ចេញ អនុវត្តយ៉ាងសកម្ម។
ដើម្បីបន្តពង្រឹងការងារអាទិភាពចំពោះស្ត្រី នៅក្នុងក្របខណ្ឌរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដាក់ចេញគោលការណ៍ដល់ថ្នាក់ដឹកនាំក្រុមការងារយេនឌ័រកងទ័ពជើងគោក នូវការងារសំខាន់ៗ រួមមាន៖
១. បន្តកំណត់ឱ្យបានច្បាស់ នូវឧបសគ្គនានាក្នុងការបំពេញការងារ បំពេញតួនាទីភារកិច្ចរបស់ស្ត្រី និងលើកវិធានការបន្ថែមដើម្បីដោះស្រាយ
២. បន្តផ្តល់អាទិភាពជូនស្ត្រី និងលើកទឹកចិត្តស្ត្រី ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលសមត្ថភាព នានាដោយរាប់បញ្ចូលទាំងវគ្គបណ្តុះបណ្តាលជំនាញឌីជីថលផងដែរ
៣. បន្តកំណត់លក្ខណសម្បត្តិស្ត្រី និងលើកសំណើរតែងតាំងស្ត្រី សម្រាប់មុខតំណែងដែលនៅទំនេរក្នុងករណីមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នា ត្រូវបន្តផ្តល់អាទិភាពដល់បេក្ខនារី
៤. បន្តយកចិត្តទុកដាក់ចំពោះមន្ត្រីជាស្រ្តីមុនពេលចូលនិវត្តន៍ ដោយត្រូវរៀបចំបែបបទដំឡើង ឋានន្តរសក្តិ និងថ្នាក់ទៅតាមអតីតភាពការងារស្របតាមគោលការណ៍ជាធរមាន
៥.គួរបង្កើតឱ្យមានការជួបជុំស្ត្រី បន្ថែមពីទិវានេះ ឱ្យបានយ៉ាងហោចណាស់ ១ដង ដើម្បីជាវេទិកា សម្រាប់ការជជែកពិភាក្សាលើស្ថានភាពស្ត្រី ការទទួលសំណូមពរ និងការលើកយោបល់ជាដំណោះស្រាយ លើបញ្ហាប្រឈមដែលកើតមាន៕