ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃ ទី២៩ ខែមីនា ឆ្នាំ២០២៥ ប្រតិភូដឹកនាំដោយ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ក្នុងពិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំលេខ២ បានមានប្រសាសន៍ថា៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាសម្ព័ន្ធមេត្រីភាពមួយ ដែលជានិច្ចកាល តែងបានយកចិត្តទុកដាក់រួមសុខ រួមទុក្ខ និងបានគិតគូរពីសុខទុក្ខលំបាក គ្រប់បែបយ៉ាងដល់នាយទាហាន ពលទាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនជួរមុខ ជាប់ជាប្រចាំ ព្រមទាំងបានចូលរួមចំណែក ជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនទាំងស្មារតី សម្ភារបរិក្ខា គ្រឿងឧបភោគ បរិភោគ ក៏ដូចជាថវិកាសម្រាប់កសាងអង្គភាព និងថវិកាសម្រាប់ចែកដល់ដៃកងទ័ព ជាដើម ចាប់តាំងពីពេលចងសម្ព័ន្ធមេត្រីភាព ចាប់ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន និងបានបន្សល់ទុកនៅសមិទ្ធផលធំៗជាច្រើន សម្រាប់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ។
នាឱកាសនោះ ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសំដែងនូវមនោសញ្ចេតនារីករាយអបអរសារទរជាមួយ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន ពលទាហានទាំងអស់ នៃកងពលធំអន្តរាគមន៍លេខ២ និងសំដែងនូវការកោតសរសើរដោយស្មោះចំពោះសកម្មភាពដ៍រស់រវើក និងស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍កម្ពុជានាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យ សណ្ដាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ហើយនូវគ្រប់កាលៈទេសៈតែងតែទ្រទ្រង់ការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិទាំងមូល។
ឯកឧត្តុម បានបន្តទៀតថា កម្លាំងកងពលធំអន្តរាគមន៍លេខ២ គឺជាកម្លាំង ស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងជាកម្លាំងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គមដ៏ល្អ ដែលមិនអាចខ្វះបាន។
នៅក្នុងពិធីចុះសំណេះសំណាលនិងសួរសុខទុក្ខដល់នាយទាហាន និងពលទាហាន នាឱកាសនោះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងក្រុមការងារ បាននាំយក នៅសម្ភារៈ គ្រឿងឧបភោគបរិភោគ មួយចំនួនធំរួមមាន៖
-អង្ក ១០តោន,មី ៤០កេះធំ,ត្រីខ ៤០កេះធំ,ទឹកស៊ីអ៊ីវ ១០០យូរ,ស្ករស ៤តាន,ទឹកបរិសុទ្ធ ៣០០កេះ, និងភេសជ្ជះផ្សេងៗ ៣០០កេះ រួមទាំងថវិកា ចំនួន ២០,០០០,០០០៛ (ម្ភៃលានរៀល) និងចែកជូន ដល់នាយហាន និងពលទាហាន ក្នុងម្នាក់ៗ ទទួលបានថវិកា ៣០,០០០៛ ដើម្បីអបអរសាទរក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ៕