ប្រជាពលរដ្ឋរស់នៅក្នុងស្រុកពញាក្រែក មានចម្ងល់យ៉ាងខ្លាំងចំពោះសេរីភាព នៃវង់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់ ឃើញមានការកើនឡើងគួរឲ្យកត់ សម្គាល់ ហើយដំណើរការជាចំហដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចនោះឡើយ។ អ្នកចូលលេងល្បែងអនឡាញមានដូចជាឆ្នោតឡូតូឬមាន់ជល់ជាដើមនោះ គឺជាក្រុមមនុស្សមានវ័យចំណាស់ដែលកំពុងពេញកម្លាំង ក្នុងការប្រកបរបរចិញ្ចឹមជីវិតនិងគ្រួសារ។ ប៉ុន្តែ ពួកគាត់បែរជាចំណាយពេលនៅក្នុងវង់ល្បែងស៊ីសង ដោយចំណាយប្រាក់អស់រាប់ម៉ឺនរៀលក្នុង១ថ្ងៃៗ។
ពេលដែលមានប្រជាពលរដ្ឋ ឬអ្នកកាសែតរាយការណ៍អំពីបញ្ហាល្បែងស៊ីសងទាំងនោះអធិការដ្ឋាននគរបាលស្រុកពញាក្រែក តែងតែចេញសេចក្តីបដិសេធថា គ្មានល្បែងស៊ីសងនៅក្នុងមូលដ្ឋាននេះ ឬនោះ តាមអ្វីដែលប្រជាពលរដ្ឋឬអ្នកកាសែតរាយការណ៍នោះឡើយ។ តែប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗសុទ្ធតែដឹងអំពីអ្វីដែលគេហៅថាល្បែងស៊ីសងទាំងនោះ។ ហេតុអ្វីបានជាអធិការដ្ឋាននគរបាលស្រុកពញាក្រែក ជាពិសេសលោកអធិការ ថាញ់ សុខវ៉ាត ឆ្លើយបដិសេធទាំងទទឹងទិសយ៉ាងដូច្នេះទៅវិញ។នការឆ្លើយទាំងទទឹងទិសបែបនេះគឺជាការមើលស្រាលទឹកចិត្តប្រជាពលរដ្ឋយ៉ាងខ្លាំង។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃស្រុកពញាក្រែកបានលើកឡើងជាសំណួរថាតើអធិការស្រុកពញាក្រែក កំពុងបើកភ្លើងខៀវ ឬយ៉ាងណា? ទីតាំងបើកល្បែងOnline កំពុងដំណើរការស្ថិតនៅទីតាំងដីឡូតិ៍តាប៉ុក ស្ថិតនៅភូមិកណ្តោកោង ឃុំពពេល ស្រុកពញាក្រែក។ ពលរដ្ឋមិនបញ្ចេញប្រភពថា «សួរអធិការស្រុកៗ ថា ស្នងការខេត្តៗ ថាឱ្យសួរផ្នែកជំនាញ តើនរណាកាងល្បែងពិត ប្រាកដ »។ លេងល្បែងស្រែកហ៊ោរផ្អើលភូមិក្នុង១ ថ្ងៃៗ នៅមិនឆ្ងាយពីអធិការដ្ឋានគរបាលស្រុកឡើយ។
ក្រៅពីនេះក៏មាន ទីតាំងល្បែងស៊ីសងOnline កំពុងដំណើរការបើកកណ្តាលផ្លូវ មិនខ្វល់ពីអ្វីទាំងអស់ នៅហាងកាហ្វេ ផ្ទះលោក លីន ស្ថិតនៅភូមិកោងកាងទី២ ឃុំកោងកាង ស្រុកពញាក្រែក ។ ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាចូលលេងល្បែងស៊ីសងអនឡាញ នៅទីតាំងខាងលើនេះដោយមិនខ្វល់អំពីបញ្ហាប្រឈមដែលត្រូវសមត្ថកិច្ចចាប់ខ្លួនអ្វីឡើយ។ ប្រជាពលរដ្ឋនិយាយថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់ប្រជាពលរដ្ឋមានសេរីភាពពេញ លេញក្នុងការលេងល្បែងស៊ីសងអនឡាញ។
ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកពញាក្រែកនិយាយថា សមត្ថកិច្ចកម្លាំងប្រដាប់អាវុធខេត្តត្បូងឃ្មុំ ជាពិសេសនៅស្រុកពញាក្រែក មិនបានយកចិត្តទុកដាក់អនុវត្តន៍បទ បញ្ជាប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃនោះឡើយ។ ជាក់ស្ដែងបទល្មើសល្បែងស៊ីសងអនឡាញមានគ្រប់ភូមិ- ឃុំ ប៉ុន្តែសមត្ថកិច្ចតែងតែឆ្លើយថា គ្មានទេ។ គ្មានពិតមែន នៅពេលដែលសមត្ថកិច្ចទៅដល់? ប៉ុន្តែក្នុងភ្នែកនិងចិត្តប្រជាពលរដ្ឋ គឺច្បាស់លាស់និងពិត ប្រាកដថា មានល្បែងស៊ីសងទាំងនោះ។ ចំណុចល្បែង ស៊ីសងនេះខាតពីរយ៉ាង,ទី១គឺបំពានបទបញ្ជាប្រមុខរាជរដ្ឋាភិបាលនិងទី២ឆ្លើយថា គ្មានជាការបំពានទឹកចិត្តប្រជាពលរដ្ឋ។ តើលោកស្នងការខេត្តត្បូងឃ្មុំយល់យ៉ាង ណា?៕