======================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើសមិទ្ធផលការងាររបស់ក្រសួងយុត្តិធម៌ឆ្នាំ២០២៤ និងការកំណត់ទិសដៅការងារជាអាទិភាពបន្ត។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃអង្គភាពនានាក្រោមឱវាទក្រសួងយុត្តិធម៌ ដែលរួមមាន អគ្គលេខាធិការដ្ឋាននៃក្រសួងយុត្តិធម៌, អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ, អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី, អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ, អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ, អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌, អគ្គាធិការដ្ឋានកិច្ចការតុលាការ និង នាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំង អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា អាចលើកឡើងនូវការបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ និងបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក ក៏ដូចជា ដើម្បីលើកឡើងនូវសំណើឬសំណូមពរជាដំណោះស្រាយ និងការកំណត់ទិសដៅការងារជាអាទិភាពបន្តរបស់ខ្លួនក្នុងឆ្នាំ២០២៥។
ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងាររបស់ក្រសួងយុត្តិធម៌ រួមមាន៖ (១)-អង្គភាពនីមួយៗត្រូវបន្តខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាសេនាធិការបច្ចេកទេសដ៏រឹងមាំរបស់ក្រសួង ដោយបន្តផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការលើកកម្ពស់សមត្ថភាពរបស់មន្រ្តីដែលមានស្រាប់ និងខិតខំជ្រើសរើសបុគ្គលដែលមានសមត្ថភាពដើម្បីអាចមកជួយការងារក្នុងអង្គភាពរបស់ខ្លួន, (២)-អង្គភាពនីមួយៗត្រូវរៀបចំ និងកែសម្រួលរបៀបរបបការងាររបស់ខ្លួន ដើម្បីពង្រឹងការទទួលខុសត្រូវ ក្នុងការដឹកនាំ និងការអនុវត្តការងារ ទាំងរបស់មន្ត្រី និងថ្នាក់ដឹកនាំ សំដៅ ពង្រឹងភាពជាម្ចាស់លើការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ពង្រឹងសាមាគ្គីភាពផ្ទៃក្នុង, (៣)-ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវយកចិត្តទុកដាក់បន្ថែមលើការតម្រង់ទិស និងការណែនាំដល់អង្គភាពជំនាញដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ដើម្បីធានាកិច្ចដំណើរការការងារកាន់តែរលូនបន្ថែមទៀត និង(៤)-ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងយុត្តិធម៌ ត្រូវបន្តខិតខំពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់ខ្លួនបន្ថែមទៀតលើការស្រាវជ្រាវ ការសរសេរ និងការបោះពុម្ពផ្សាយនូវអត្ថបទនានាពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ចំណេះដឹងផ្នែកច្បាប់ និងចំណេះដឹងនានាផ្សេងទៀត សម្រាប់ជាការផ្សព្វផ្សាយជូនសាធារណជន៕