ទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន៤ នៅក្នុងដែនជម្រកសត្វព្រៃ​ ព្រៃឡង់ បានទទួលជំនួយឧបត្ថម្ភពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់


   ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសួរសុខទុក្ខកងកម្លាំងចម្រុះដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន៤ ទីបញ្ជាការស្រាលនៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ​ ព្រៃឡង់​ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់អូរជះ​ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែល​បាន​ និង​កំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ប្រកបដោយប្រសិទ្ធភាព​ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ស្ថិតនៅក្នុងទីបញ្ជាការស្រាលទាំង៤  ដែលប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃព្រៃឡង់នៅក្នុងរយៈពេលជាង​១០​ ខែ​កន្លង​ទៅ​នេះ គឺបងប្អូនបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ​ ទទួលបានជោគជ័យ ដោយបានការពារមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋជាថ្មីទៀត បាន​ឡើយ​  នឹងបានរកឃើញដីព្រៃ ដែលជនល្មើសបានលួចកាប់ទន្ទ្រានកន្លងទៅបានជាង៣,៣០០ ហិកតា ដែលយើងកំពុងគ្រប់គ្រង​ ត្រៀម​ដាំ​ស្តារ​ព្រៃ​ឈើ​ឡេីងវិញ​ នៅ​ក្នុង​រដូវ​វស្សា​ខាងមុខ​ ។ ជាមួយនោះដែរ កងកម្លាំង​ចម្រុះ​របស់​យើង​ដែល​មាន​កងទ័ព​ជាស្នូល ក៏បានចូលរួមយ៉ាងសកម្មក្នុងការបង្ក្រាបការកាប់​ និងដឹកជញ្ជូនឈើខុសច្បាប់ បានជាច្រើនម៉ែត្រគូប​។ ព្រមទាំងបានចាប់ខ្លួនជនសង័្សយដែលប្រព្រឹត្តបទល្មើស​ និង​វត្ថុ​តាងជាក់ស្តែង​បញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ បានមួយចំនួនផងដែរ​  ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះទាំងអស់ ត្រូវខិតខំបន្តសកម្មភាពឱ្យដូចភ្លៀងរលឹម មិនឱ្យមានការកើតឡើងជាថ្មី នូវការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិនិងការកាប់អាជ្រៀកឈើខុសច្បាប់ បានទៀតជាដាច់ខាត។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់កងកម្លាំងចម្រុះ ចំនួន​  ៤​ទី​បញ្ជាការ​ស្រាល​ ដែលកំពុងបំពេញបេសកកម្ម ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់រួមមាន ប្រេងសាំងចំនួន ៨០០លីត្រ អង្ករចំនួន ៤០០ គីឡូក្រាម ត្រីខកំប៉ុងចំនួន៣កេស ធំ​ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន១៥យួរ ។










Post a Comment

Previous Post Next Post