………………..
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តបាត់ដំបង បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ អនុវត្តការងារឆ្នាំ២០២៥ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រធាន អនុប្រធានមន្ទីរ អង្គភាពប្រដាប់អាវុធ លោក លោកស្រី ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ ព្រមទាំងភ្ញៀវកិត្តិយស សមាជិក សមាជិកានៃអង្គសន្និបាតចូលរួមចំនួនប្រមាណជាង៦០០នាក់។
បន្ទាប់ពីឯកឧត្តម សុខ លូ បានឡើងថ្លែងសន្ទរកថាបើកសន្និបាតរួចមក លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្ត បានឡើងរាយការណ៍ពីលទ្ធផលការងារខាងលើ គ្រប់វិស័យរបស់រដ្ឋបាលខេត្តបាត់ដំបង រយ:ពេល ១ឆ្នាំ ប្រចាំឆ្នាំ២០២៤ កន្លងមក។ អង្គសន្និបាតនៅព្រឹកនេះ ក៏មានការធ្វើបទអន្តរាគមន៍ពីថ្នាក់ដឹកនាំផ្សេងទៀត បានបង្ហាញលទ្ធផលល្អ, ចំណុចខ្វះខាត, ជម្រុញមន្រ្តីពាក់ព័ន្ធទាំងអស់ កែសម្រួលនិងខិតខំធ្វើការងារបន្ត ប្រកបដោយភាពជោគជ័យច្រើនជាងឆ្នាំមុន សរុបបាន ៤ប្រធានបទ ក្នុងចំណោម ៧ប្រធានបទ៖
១. បទអន្តរាគមន៍លើប្រធានបទ “ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយឯកឧត្តម ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្ត
២. បទអន្តរាគមន៍លើប្រធានបទ “ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ” ដោយ ឯកឧត្តម យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្ត
៣. បទអន្តរាគមន៍លើប្រធានបទ “ការគ្រប់គ្រងដីចំណីផ្លូវ សំណង់មិនរៀបរយ តាមទីប្រជុំជន និងដីចំណីប្រឡាយ អូរ ស្ទឹង អាង ទំនប់” ដោយឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត
៤. បទអន្តរាគមន៍លើប្រធានបទ “ការងារគ្រប់គ្រងសំរាម(សំណល់រឹង-រាវ)” ដោយឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្ត។
អរគុណសន្តិភាព