------------------------------------------
ដោយមានការចង្អុលបង្ហាញណែនាំ និងគាំទ្រដ៏ខ្ពស់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌ រវាងក្រុមពិធីករកីឡាកម្ពុជា និងបាល់ទាត់គុនខ្មែរ ក្រោមប្រធានបទ៖ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដឹកនាំសមាជិក-សមាជិការសមាគម នៃសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចូលរួមបរិច្ចាគឈាម ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។
ក្នុងកម្មវិធីបរិច្ចាគឈាមខាងលើនេះមានចូលរួមពីសមាគមនៃសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា៖ សម្ពន្ធយុវជនស្រលាញ់សន្តិភាព សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍(IDI) សមគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ទនៅកម្ពុជា សមាគមនសិការយុវជនដើម្បីសន្តិភាព សមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម សមាគមអ្នកជំនាញសេដ្ឋកិច្ចកម្ពុជាចូលរួម និងសមាគមសម្ពន្ធសារព័ត៌មានគេហទំព័រកម្ពុជាជាដើម។
សកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការយល់ដឹងពីអត្ថប្រយោជន៍នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស សំដៅរួមចំណែកក្នុងការជួយដល់ជនរងគ្រោះដែលមានតម្រូវការឈាមជាចាំបាច់ ពីសំណាក់សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលយន្តការនៃចលនាមហាជន ក្នុងស្រទាប់នៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងព្រះរាជាណាចក្រកម្ពុជា។