នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត មន្ទីរពាក់ព័ន្ធ និងមុខតំណែងក្នុងវិស័យអប់រំមធ្យមសិក្សាស្រុកសំពៅលូន ស្រុកបាណន់ ស្រុកបវេល ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត មន្ទីរពាក់ព័ន្ធ និងមុខតំណែងក្នុងវិស័យអប់រំមធ្យមសិក្សាស្រុកសំពៅលូន ស្រុកបាណន់ ស្រុកបវេល ស្រុកថ្មគោល ខេត្តបាត់ដំបង សរុបចំនួន ៦៣រូប ក្នុងនោះមាន៖ មន្រ្តីសាលាខេត្តបាត់ដំបង ចំនួន ៧រូប, មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ចំនួន ៥រូប, មន្ទីរធម្មការ និងសាសនាខេត្ត ចំនួន ៣រូប, មន្ទីរផែនការខេត្ត ចំនួន ២រូប, មន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្ត ចំនួន ៥រូប, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ១រូប, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចំនួន ២៣រូប, វិស័យអប់រំមធ្យមសិក្សាវិទ្យាល័យកូនភ្នំមិត្តភាព ស្រុកសំពៅលូន ចំនួន ១រូប, វិស័យអប់រំមធ្យមសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ ស្រុកបាណន់ ចំនួន ២រូប, វិស័យអប់រំមធ្យមសិក្សាក្នុងស្រុកបវេល ចំនួន ៦រូប និងវិស័យអប់រំមធ្យមសិក្សាក្នុងស្រុកថ្មគោល ចំនួន ៨រូប។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់មន្រ្ដីរាជការក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងគ្នា ដើម្បីមានសកម្មភាពប្រសើរក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់៕