នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំខែនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖ ១. របាយការណ៍វឌ្ឍនភាពការងារស្តីពី៖ - កិច្ចប្រជុំស្ដីពីការរៀបចំផែនការសម្របសម្រួលថ្លៃកសិផលដំឡូងមី និងស្វាយចន្ទីសម្រាប់ឆ្នាំ២០២៥ - ស្ថានភាពស្រូវអង្ករ និងមៀនប៉ៃលិន (តាង៉ែន) ២. របាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមការងារជំរុញការនាំចេញ ៣. របាយការណ៍វឌ្ឍនភាពការងារស្ដីពី៖ - ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal) និងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O) - ការពន្លឿននីតិវិធីចុះបញ្ជីម៉ាក - ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងបង្កាន់ដៃបង់ប្រាក់សេវាសាធារណៈ ៤. បញ្ហាផ្សេងៗ។