រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៥ ដើម្បីលើកទិសដៅការងារបន្ត ឆ្នាំថ្មីនេះ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រី ចាប់ពីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom) ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកនូវយុទ្ធសាស្រ្តអាទិភាព ៩ ចំនុច និង៣ អាទិភាព របស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញចាប់ពីផ្តើមអាណត្តិទី៧ ក្នុងការបន្តអនុវត្តវិធានការគន្លឹះ ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងក្រមសីលធម៌ ឥរិយាបថ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវការគោរព គួរសម និងសេចក្តីថ្លៃថ្លូរ ដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ក្នុងឱកាសដើមឆ្នាំថ្មីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារ ១) ការរៀបចំផែនការ យុទ្ធសាស្រ្ត វិធីសាស្រ្ត ដើម្បីស្របទៅតាមបច្ចុប្បន្នភាពថ្មី និងការវិវត្តន៍តាមបរិបទថ្មី ២)ការផ្តោតសំខាន់ទៅលើការងារអាទិភាពក្នុង២០២៥ រួមមាន៖ ជំងឺមហារីក សុខភាពបឋម សុខភាពមាតា និងទារក ត្រូវដាក់ផែនការកាត់បន្ថយអត្រាឈឺ និងស្លាប់ ៣)ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ឆ្នាំ២០២៥ ត្រូវពង្រឹង និងបង្កើនសហប្រតិបតិ្តជាមួយដៃគូ ៤) ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដោយមជ្ឈមណ្ឌលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ជាផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ដោយក្នុងនោះ ត្រូវបន្តបាញ់ថ្នាំសម្លាប់មូស លុបបំបាត់ជម្រកមូស និងត្រូវបង្កើនសកម្មភាពការអប់រំផ្សព្វផ្សាយសុខភាពបន្ថែម។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរពេទ្យជាតិ ត្រូវបន្តក្នុងការចុះជួយពង្រឹង តាមរយៈសម្ព័ន្ធមេត្រីភាព ជាមួយមន្ទីរពេទ្យបង្អែកស្រុក ខេត្ត ដើម្បីជួយគាំទ្របច្ចេកទេស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តីសុខាភិបាល បម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ប្រធានអង្គភាព ត្រូវបន្តពង្រឹង និងពង្រីកនូវភាពជាដៃគូ ក្នុងក្របខណ្ឌកិច្ចសហការ អន្តរផ្នែក អន្តរវិស័យ និងកិច្ចសហប្រតិបត្តិការភាគី ពហុភាគី ឱ្យមានការចូលរួមពីដៃគូបន្ថែមទៀត។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារដោយ យកចិត្តទុកដាក់ខ្ពស់ ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ សូមបន្តពង្រឹង និងបង្កើនការយកចិត្តទុកដាក់លើការងារ និងស្មារតីទទួលខុសត្រូវបន្ថែមទៀត ដើម្បីកាន់តែជំរុញការអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាលកាន់តែរីកចម្រើន និងប្រកបដោយនវានុវត្តន៍។