នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម Wang Huning បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម ពិតជារីករាយដែលបានជួបសម្ដេចតេជោ សាជាតិថ្មី បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៦ ដែល ឯកឧត្តមអញ្ជើញអមដំណើរ ឯកឧត្តមប្រធានាធិបតី Xi Jinping បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
ឯកឧត្តមបានបន្តទៀតថា ចិន និងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។ នាក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តម Wang Huning ចំពោះការទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ។ សម្ដេច ពិតជារីករាយដែលបានជួបឯកឧត្តមសាជាថ្មីម្ដងទៀត។ សម្ដេចតេជោ បន្តថា ទស្សនកិច្ចនេះ បានធ្វើឡើងក្រោយពីទស្សនកិច្ចរបស់សម្ដេចកាលពីដើមឆ្នាំ២០២៣ ក្នុងគោលដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ លើសពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងមិត្តដែកថែប និងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។
សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយរបស់កម្ពុជាហើយ កម្ពុជានៅតែជាមិត្តរបស់ចិនគ្រប់កាលៈទេសៈ។ មិត្តចិនបានផ្ដល់នូវការគាំទ្រ និងជំនួយ មិនត្រឹមតែដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ក៏បុន្តែ ក៏បានគាំទ្រដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានអបអរសាទរដល់ខួបទី៧៥ឆ្នាំនៃការបង្កើតសភាប្រឹក្សានយោបាយប្រជាជនចិន និងកោតសរសើរចំពោះសមិទ្ធផលដែលមិត្តចិនសម្រេចបាននាពេលកន្លងមក។
សម្ដេចតេជោមានក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
ជាកិច្ចឆ្លើយតប ឯកឧត្តម Wang Huning បានកោតសរសើរសម្តេចតេជោដែលបានរួមវិភាគទានយ៉ាងច្រើនលើសលុបដល់ការអភិវឌ្ឍនូវទំនាក់ទំនងកម្ពុជា-ចិន។ ឯកឧត្តម លើកឡើងថា សម្តេចតេជោ ជាមិត្តល្អរបស់ប្រទេសចិន និងប្រជាជនចិន។ ឯកឧត្តម បានកោតសរសើរចំពោះការបន្តវេននៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជាដែលបានដើរតាមមាគ៌ារបស់សម្ដេចតេជោ ហើយ បញ្ជាក់ថា ចិន បន្តគាំទ្រនូវគោលនយោបាយរបស់កម្ពុជាជាបន្តទៀតផងដែរ។ ឯកឧត្តម បានសន្យាថាប្រទេសចិននឹងផ្សព្វផ្សាយពីប្រពៃណីដ៏ល្អរបស់កម្ពុជា និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត។
ឯកឧត្តម Wang Huning ក៏បានលើកឡើងផងដែរអំពីគំនិតបន្ស៊ីគ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដើម្បីពន្លឿនការសម្រេចរចនាសម្ព័ន្ធសំខាន់ៗ រួមមានច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ និងការអភិវឌ្ឍកសិកម្មទំនើបជាដើម និង ការកសាងច្រករបៀងគម្រូថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ និងឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក៏បានពិភាក្សាគ្នាផងដែរអំពីស្ថានការណ៍តំបន់ និងអន្តរជាតិដែលកំពុងមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។
ទន្ទឹមគ្នានេះដែរ សម្តេចតេជោក៏បានអញ្ជើញឯកឧត្តម Wang Huning មកបំពេញទស្សនកិច្ចនៅកម្ពុជាសាជាថ្មី ដើម្បីឯកឧត្តមអាចឃើញពីភាពរីកចម្រើនរបស់កម្ពុជា បន្ទាប់ពីទស្សនកិច្ចរបស់ ឯកឧត្តមកាលពីឆ្នាំ២០១៦ និង ជំរុញទំនាក់ទំនងរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា ឱ្យកាន់ខ្លាំងក្លាបន្ថែមទៀត។
ឯកឧត្តម Wang Huning ក៏បានទទួលយកនូវការអញ្ជើញរបស់សម្ដេចតេជោ ដោយពិនិត្យមើលនូវពេលវេលាសមស្របណាមួយនាពេលខាងមុខ។ ជាចុងក្រោយ ឯកឧត្តម ក៏បានជូនពរសម្ដេចតេជោ និងគណៈប្រតិភូ ទទួលបាននូវភាពជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ៕