ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)


   (ខេត្តស្ទឹងត្រែង)៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារមុខសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ២ ២៣៤នាក់។ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជម្រាបជូនអង្គពិធីថា ក្នុងខេត្តស្ទឹងត្រែង ចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់សរុប ចំនួន ២៩ ៩៥៨ខ្នងផ្ទះ ស្មើ ១០០% ក្នុងនោះមានខ្នងផ្ទះ ប្រើប្រាស់បង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន ២៨ ០៧៧ខ្នងផ្ទះ ស្មើនឹង ៩៣,៧២% និង ខ្នងផ្ទះប្រើបង្គន់អនាម័យរួម ចំនួន ១ ៨៨១ខ្នងផ្ទះ ស្មើ នឹង ៦,២៨%។ ឯកឧត្ដមអភិបាលខេត្ត បានជម្រាបជូនអង្គពិធីអំពីស្ថានភាពភូមិសាស្ដ្រ និងសមិទ្ធផលរីកចម្រើនក្នុងខេត្តស្ទឹងត្រែង ។ ជាមួយគ្នានោះតំណាងអង្គការភ្លែនអន្ដរជាតិ បានលើកឡើងពីស្ថានភាពការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការងារប្រតិបត្តិអនាម័យជនបទ ជាពិសេសចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជួយជំរុញខេត្តផ្សេងៗទៀតដែលមិនទាន់បានទទួលការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តស្ទឹងត្រែងសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព”ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្តរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តទៀតថា   ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ដោយរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ។

សូមរំលឹកផងដែថា៖  គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១៤ហើយ ដែលសម្រេចបានជារាជធានី ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ រាជធានីភ្នំពេញ តាកែវ និងខេត្តស្ទឹងត្រែង ដែលជាខេត្តទី១៤៕








Post a Comment

Previous Post Next Post