ក្រុមការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.


   ខេតកំពង់ស្ពឺ​៖ ក្រុម​ការងារ​ជំនាញ នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន សហការ​ជាមួយ​មេធាវី​របស់​ក្រសួង​បរិស្ថាន មន្តី​បរិស្ថាន ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ដែល​បាន​ដាក់ចេញ​ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ការអនុវត្ត​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ព្រមទាំង​បទដ្ឋាន​គតិ្តយុត្ត​មួយចំនួនទៀ​ត ក្រុម​ការងារ​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​បាន​ចូលរួម​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្តែង​លើ​ការអនុវត្ត​វិធានការ​ច្បាប់​របស់​ក្រុមហ៊ុន ដើម្បី​បញ្ជាក់​ថា ក្រុមហ៊ុន​មាន​ឆន្ទៈ​កែលម្អ​ចំណុច​ខ្វះខាត និង​លប់បំបាត់​បញ្ហា​បំពុល​បរិស្ថាន ស្រប​តាម​វិធានការ​ច្បាប់​របស់​កម្ពុជា​។​

​តាមរយៈ​ការចូលរួម​គោរព​ច្បាប់ បញ្ហា​ការបំពុល​ប្រឡាយ​៦១ និង​ទឹក​ស្ទឹងតូច ពី​ក្រុមហ៊ុន​នេះ ត្រូវ​បាន​ទប់ស្កាត់ និង​ស្តារ​បរិស្ថាន​ឡើងវិញ ដើម្បី​ឱ្យមាន​ភាព​ស្អាត​ក្នុង​ដែនទឹក​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៤ មាន​សេចក្តីរាយការណ៍​ពី​ករណី​បង្ហូរ​សំណល់​រាវ ដោយ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.​វ ចូល​ប្រឡាយ​ទឹក​៦១ បង្ក​ការបំពុល​ទឹក​ស្ទឹងតូច ស្ថិតនៅ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល ហើយ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រសួង​បរិស្ថាន បាន​ចាត់​មន្ត្រី​ជំនាញ​អធិការកិច្ច​ក្រសួងបរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្តាល បាន​ចុះ​ស្រាវជ្រាវ និង​បាន​រកឃើញថា មាន​ការបំពុល​បរិស្ថាន បង្កឡើង​ដោយ​រោងចក្រ Jin Lu Yuan Energy Environment Protection Industry Co., Ltd. ដែល​បាន​បង្ហូរ​សំណល់​រាវ ដោយ​មិន​បាន​ឆ្លងកាត់​ការសម្អាត​តាម​លក្ខណៈ​បច្ចេកទេស និង​បញ្ជេញ​សំណល់​រាវ លើស​កម្រិត​កំណត់​ស្ដង់ដារ​អនុញ្ញាត​។​

​បន្ទាប់មក នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រសួង​បរិស្ថាន បាន​ចាត់​ក្រុម​ការងារ​ជំនាញ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​ទាំងពីរ លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្ត​កំពង់ស្ពឺ និង​អ្នកពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​ប្រឡាយ​៦១ និង​ស្ទឹងតូច ដែល​បាន​រាយការណ៍​លើ​ករណី​រង​ការបំពុល​ទឹក​នៅ​ទីនោះ បន្ថែមទៀត​។ តាម​ការពិនិត្យ​ជាក់ស្ដែង​ឃើញថា ១.​ស្ថានភាព​ទឹក​នៅ​ក្នុង​ប្រឡាយ​៦១ មាន​សភាព​ធម្មតា (​ទឹក​មាន​ពណ៌​ថ្លា​) មាន​កិ្លន​តិចៗ ពុំ​ដូច​ការត្រួតពិនិត្យ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ នោះទេ និង​ស្ថានភាព​ទឹក​ស្ទឹងតូច​នៅ​មាន​សភាព​ដដែល គឺ​នៅ​មាន​ពណ៌​ក្រ​ម៉ៅ និង​មាន​ក្លិន​អូ​សា​វែល និង​២. ក្រុមហ៊ុន​បាន​ធ្វើការ​ស្ដារ​ប្រឡាយ​៦១ ជម្រៅ​ប្រហែល​១,៥ ទៅ ២​ម៉ែត្រ ហើយ​ស្ថានភាព​ទឹក​នៅ​ក្នុង​ប្រឡាយ​នេះ​មាន​សភាព​ថ្លា​ធម្មតា​ឡើងវិញ​។​

​សកម្មភាព​បញ្ចេញ​សំណល់​រាវ​របស់​ក្រុមហ៊ុន​ខាងលើ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ជីវៈចម្រុះ និង​សុខភាព​សាធារណៈ គឺជា​បទល្មើស​ទៅ​នឹង​មាត្រា​២៨៧ ២៨៩ និង​២៩០ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ មាត្រា​៤ និង មាត្រា​៦ និង​មាត្រា​៩​ថ្មី នៃ​អនុក្រឹត្យ​ស្តីពី​ការត្រួតពិនិត្យ​ការបំពុល​ទឹក ដែល​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​ទី ៨៤៥​និង​៨៤៦ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​។ ក្រសួង​បរិស្ថាន បាន​ចាត់វិធានការ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ឱ្យ​ក្រុមហ៊ុន​អនុវត្ត​តាម​ច្បាប់​ដោយ​៖

១- ត្រូវ​ធ្វើការ​បញ្ចេញ​សំណល់​រាវ ដោយ​ត្រូវ​ឆ្លងកាត់​ការធ្វើ​ប្រព្រឹត្ត​កម្ម​សំអាត​ជា​មុន អនុលោម​តាម​ស្តង់ដារ​កំណត់ មុន​បង្ហូរ​ចូល​ប្រឡាយ​សាធារណៈ​។​

២- ពិន័យ​អន្តរការណ៍​ជា​ប្រាក់ និង​ផ្តល់​សំណង​ការខូចខាត លើ​ការខូចខាត​បរិស្ថាន ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ស្ទឹងតូច និង​ប្រឡាយទឹក​៦១​។​

៣- ត្រូវ​ធ្វើការ​ស្តារ និង​រៀបចំ​ជើង​ជញ្ជាំង​ប្រឡាយ ឱ្យមាន​សោភ័ណភាព​ល្អ ដើម្បី​ងាយស្រួល​តាមដាន​ស្ថានភាព​បំពុល​ទឹក​ក្នុង​ប្រឡាយ​ពី​សាធារណជន​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដែនដី ឱ្យ​បាន​រួចរាល់​មុន​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ ជា​កំហិត​។​

៤- ត្រូវ​ធ្វើការ​ស្តារ​ការខូចខាត និង​ស្តារ​បរិស្ថាន​ឡើងវិញ​នៅក្នុង​តំបន់ ដែល​ទទួលរង​ការបំពុល​ពី​ការ​ឱ្យ​បាន​រួចរាល់​ជា​កំហិត​មុន​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៥ ជា​កំហិត​។​

៥- ត្រូវ​រៀបចំ​ច្រក​ចេញ​នៃ​ប្រព័ន្ធ​លូ​បង្ហូរ​សំណល់​រាវ​ពី​ទីតាំង​របស់​ខ្លួន ឱ្យ​ចេញ​តែ​មួយ​ទីតាំង​គត់ ដើម្បី​ងាយស្រួល​ក្នុង​ការតាមដាន និង​បញ្ចៀស​ការបញ្ចេញ​សំណល់​រាវ​មិន​បាន​សម្អាត​ជា​បន្ត​ទៀត​ឱ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​១​ខែ​ជា​កំហិត​។​

៦- ត្រូវ​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកភ្លៀង​ឱ្យបាន​ច្បាស់លាស់ និង​ដាច់​ដោយឡែក​ពី​ប្រព័ន្ធ​លូ​បង្ហូរ​សំណល់​រាវ និង​ទឹក​កខ្វក់ ឱ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​១​ខែ​ជា​កំហិត សំដៅ​ធានាបាន​មិន​មាន​សំណល់​រាវ ហូរ​ចេញ​តាម​លូ​ទឹកភ្លៀង ចូលទៅ​ក្នុង​ប្រឡាយ​សាធារណៈ​ទៀត​ឡើយ​៕










Post a Comment

Previous Post Next Post