តាមរយៈការចុះបញ្ជីដី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយវិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការបញ្ចប់បញ្ហានៅបឹងទន្លេសាប និងនៅរមណីយដ្ឋានអង្គរ ការបង្រួមបញ្ហានៅតាមបុរី ដើម្បីបន្ថយនិងឈានទៅលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គមកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ គួរបន្តផ្តោតលើកិច្ចការនគរូបនីយកម្ម ការរៀបចំក្រុង និងសំណង់ ដើម្បីធានាឱ្យសំណង់របស់យើងមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ប្រែក្លាយតំបន់នេះឱ្យទៅជាទីក្រុង ដែលគួរឱ្យចង់រស់នៅ មានផ្លូវដើរ មានលម្ហសាធារណៈ ផ្ទះសម្បែងរៀបរយ បរិស្ថានស្អាតប្រកបដោយសុខមាលភាព ក្នុងជីវភាពប្រកបដោយសេចក្តីថ្លៃថ្នូរ សាកសមជាប្រជាពលរដ្ឋក្នុងសហសម័យរុងរឿង ដែលជាអ្នកបន្តវេនពូនជ្រំថែទាំផ្លែផ្កាសុខសន្តិភាពឱ្យកាន់តែរីកសុះសាយក្នុងសង្គមកម្ពុជាជានិរន្តន៍។
សូមគូសបញ្ជាក់ថា ប៉ោយប៉ែត ធ្លាប់ជាតំបន់ដែលមានសង្គ្រាម ដូច្នេះការទទួលខុសត្រូវចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ និងផ្តោតលើការរៀបចំក្រុង ដើម្បីយើងទទួលបាននូវសុខសន្តិភាពពិតប្រាកដ។ បន្ថែមលើនេះទៀត មន្ទីរត្រូវបន្តគិតគូរពីឱកាស និងលទ្ធភាពក្នុងការរៀបចំទីក្រុងសម្បូរទៅដោយលក្ខខណ្ឌអំណោយផលជាកត្តារួមចំណែកពង្រីកឱកាសការងារ បង្កើនសកម្មភាពពាណិជ្ជកម្ម បង្កើនប្រាក់ចំណូល ក្នុងគោលបំណងលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែតនេះ ឱ្យកាន់តែប្រសើរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៩ ធ្នូ ២០២៤
#ចុះបញ្ជីដីបង្ហើយ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ការធានាសុវត្ថិភាពក្នុងការកាន់កាប់ទ្រព្យសម្បត្តិ #ការរៀបចំក្រុង #នគរូបនីយកម្ម #ហេដ្ឋារចនាសម្ព័ន្ធ #លម្ហសាធារណៈ #ទីប្រជុំជន #វិស័យសំណង់ #គុណភាព #សុវត្ថិភាព #សោភ័ណភាព
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC