ខេត្តសៀមរាប ៖ សេចក្តីរាយការបឋមពីសមត្ថកិច្ច បានឱ្យដឹងថា ខ្មាន់កាំភ្លើងលួចបាញ់ប្រហារ មកលើភ្នាក់ងា កាសែត កម្ពុជាអភិវឌ្ឍន៍ តាមអនឡាញ ម្នាក់ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខណៈសមត្ថកិច្ចស្រុកជីក្រែង បានព្យាយាមការពារតាំងពីកន្លែងកើតហេតុរហូតដល់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅចំណុចដីចម្ការត្រពាំងរាំង ក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបានបន្តថា ករណីខ្មាន់កាំភ្លើងលួចបាញ់អ្នកកាសែតនោះបង្ក ឡើងដោយជនមិនស្គាល់មុខ បានលបលួចបាញ់ប្រហារ១គ្រប់ដោយអាវុធកែច្នៃ ទៅលើអ្នកសារព័ត៌មានអនឡាញម្នាក់ បណ្តាលឱ្យរងរបួសជាទម្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
តាមប្រភពដដែលបានបន្តថា ជនរងគ្រោះឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន បំរើកានៅ អង្គភាព កម្ពុជាអភិវឌ្ឍន៍ រស់នៅភូមិឃុំកន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះបាន និងកំពុងស្ថិតនៅលើដីចម្ការមួយកន្លែង ក្បែរភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង នោះ ស្រាប់តែមានជនមិនស្គាល់មុខ បានមកលួចបាញ់ប្រហារដោយអាវុធកែច្នៃចំនួន ១ គ្រាប់ ត្រូវចំត្រង់ពោះចំហៀងផ្នែកខាងឆ្វេងបណ្តាលឱ្យបៀមគ្រាប់ជាប់ក្នុងពោះ ។
បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើង សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពង្រលើ បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើកំណត់ហេតុ ព្រមទាំងសួរនាំសាក្សី ដើម្បីកំណត់មុខសញ្ញាឈានដល់ការស្រាវជ្រាវចាប់ខ្លួនជនបង្ក ។ ប៉ុន្តែពេលនោះដោយអការៈជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរ កម្លាំងសមត្ថកិច្ចក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានឱ្យកម្លាំងនគរបាលមូលដ្ឋានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបភ្លាមៗផងដែរ ដោយមានការការពារយ៉ាងតឹងតែងបំផុត។
ជុំវិញករណីខាងលើនេះ កម្លាំងសមត្តកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយនគរបាលស្រុកជីក្រែង បន្តការស្រាវជ្រាវ ដើម្បីវែកមុខខ្មាន់កាំភ្លើងដែលជាប់ពាក់ព័ន្ធ ក្នុងការបាញ់ប្រហារមកលើជនរងគ្រោះ ជាអ្នកសារព័ត៌មានអនឡាញ”កម្ពុជាអភិវឌ្ឍន៌”នោះឱ្យខាងតែបាន ៕
Tags:
ព័ត៌មានសន្តិសុខសង្គម