ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា


   (ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា ជាពិសេសតាមរយៈការរៀបចំជាប្រចាំឆ្នាំនូវវេទិការដ្ឋ-ឯកជន ស្តីពី "ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន" ព្រមទាំងលើកទឹកចិត្តគាំទ្រឱ្យមានការរៀបចំវេទិកានេះក្នុងវិសាលភាពឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យមានការចូលរួមពីផ្នែក និងវិស័យពាក់ព័ន្ធកាន់តែច្រើន។

ថ្លែងក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។  

បន្ទាប់ពីបានលើកឡើងដោយសង្ខេបនូវលទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តបង្ហាញពីទិសដៅការងារអាទិភាពបន្ទាប់ រួមមាន៖ ការរៀបចំដែនដី ដើម្បីកំណត់ឱ្យបានជាក់លាក់នូវតំបន់អភិរក្ស តំបន់សម្រាប់អភិវឌ្ឍន៍ តំបន់ឧស្សាហកម្ម ព្រមទាំងតំបន់សម្រាប់ធ្វើកសិកម្ម សំដៅធានាឱ្យបាននូវសន្តិសុខស្បៀង សម្រាប់អ្នកបន្តវេននាពេលអនាគត។ បន្ថែមលើនេះទៀត គឺការគិតគូរពីការរៀបចំតំបន់នានា ដែលមានសក្តានុពលសេដ្ឋកិច្ច សំដៅបង្កើតទីផ្សារនិងឱកាសការងារជូនប្រជាជន ដើម្បីបង្កើនប្រាក់ចំណូល។

ឯកឧត្តម ក៏បានលើកជាសំណើឱ្យភាគីជប៉ុនពិចារណាបន្តផ្តល់កិច្ចសហការជួយជំរុញវិស័យហិរញ្ញវត្ថុ មានជាអាទិ៍៖ ការផ្តល់ឥណទានសម្រាប់លំនៅឋានសម្រាប់ប្រជាពលរដ្ឋ ឱ្យមានគេហដ្ឋានសមរម្យ ដែលនេះគឺជាការគំនិតផ្តួចផ្តើមប្រកបដោយការយកចិត្តទុកដាក់ស្របតាមទស្សនវិស័យអាទិភាព របស់សម្តេចមហាបរវធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានសម្តែងនូវមនោសញ្ចេតនាសាទរយ៉ាងកក់ក្តៅ ព្រមទាំងកោតសរសើរនូវលទ្ធផលការងារសំខាន់ៗដែលក្រសួងសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំនេះ។ ឯកឧត្តមអនុរដ្ឋមន្ត្រី នឹងបន្តយកសំណើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជម្រាបជូនថ្នាក់ដឹកនាំក្រសួង និងរដ្ឋាភិបាលជប៉ុនផងដែរ។

សង្ខេបអំពីលទ្ធផលជាផ្លែផ្កាតាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅក្នុងវិស័យដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះរួមមាន៖

១). វេទិការដ្ឋ-ឯកជន កម្ពុជា-ជប៉ុន ស្តីពីការអភិវឌ្ឍនគរូបនីយកម្ម ត្រូវបានរៀបចំចំនួន ៥លើក ក្នុងក្របខ័ណ្ឌលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាពិសេស គឺកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

២). ការងាររៀបចំដែនដី និងនគរូបនីយកម្ម៖ ចូលរួមសហការគាំទ្រការអនុវត្តគម្រោងទីក្រុងឆ្លាតក្របខ័ណ្ឌអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងឆ្លាត អាស៊ាន-ជប៉ុន, ការកសាងផែនការរៀបចំដែនដីនិងនគរូបនីយកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម, ការអនុវត្តគម្រោងរៀបចំទីក្រុងគំរូ 3D (PLATEAU City 3D Model), ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់នូវជំនួយឥតសំណងដែលមានទឹកប្រាក់ ៧លានដុល្លារអាមេរិក ដើម្បីគាំទ្រលើការធ្វើទំនើបកម្មវិស័យនគរូបនីយកម្មកម្ពុជា ដែលគ្រោងនឹងចុះហត្ថលេខាលើលិខិតប្តូរសារនាពេលខាងមុខនេះ។

៣). ការងារសំណង់៖ ច្បាប់ស្តីពីសំណង់ត្រូវបានអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់ ក្នុងនោះ អនុក្រឹត្យ និងប្រកាសពាក់ព័ន្ធនឹងការអនុវត្តច្បាប់នេះ ត្រូវបានអនុម័តជាបន្តបន្ទាប់, មន្ទីរពិសោធន៍ជាតិសំណង់ និងសម្ភារៈសំណង់ ចំនួន ១៧មុខ ទំហំថវិកា ២.៣លានដុល្លារអាមេរិក ត្រូវបានដាក់ឱ្យដំណើរការ។

៤). ការងារលំនៅឋាន៖ បានសហការបណ្តុះបណ្តាល គោលនយាបាយ និងបទដ្ឋានគតិយុត្តិ។

៥). ការងារសុរិយោដីនិងភូមិសាស្ត្រ៖ បានសហការលើការបណ្តុះបណ្តាល និងទទួលបានការគាំទ្រគម្រោងអភិវឌ្ឍស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) ពីអង្គការ JICA ព្រមទាំងជាឧបករណ៍វាស់វែង (GNSS Receiver)។ គម្រោងកសាងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដើរដោយផ្កាយរណប CORS ចំនួន ៩៤ ទីតាំងបន្ថែមទៀតទូទាំងប្រទេស ទំហំថវិកា ៩.៧លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។

៦). ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតអាស៊ាន៖  បាននិងកំពុងជំរុញសហការគាំទ្រការអនុវត្តគម្រោងទីក្រុងឆ្លាតក្របខ័ណ្ឌអាស៊ាន រួមមាននៅរាជធានីភ្នំពេញ, ក្រុងសៀមរាប, ក្រុងបាត់ដំបង, និងក្រុងព្រះសីហនុ៕

#ការរៀបចំដែនដី #នគរូបនីយកម្ម #ទីក្រុងឆ្លាត #ការងារលំនៅឋាន #ការងារសុរិយោដី #សំណង់ #ឧស្សាហកម្មអចលនទ្រព្យ #គុណភាព #សុវត្ថិភាព #សោភ័ណភាព

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC










Post a Comment

Previous Post Next Post