ខេត្តកំពត៖ នាល្ងាចថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅក្នុងទីរួមខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបុណ្យសមុទ្រត្រូវ បានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារ ធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកទស្សនាកាន់តែច្រើន។
ពិធីបុណ្យសមុទ្រនេះត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង ២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ហើយបានរៀបចំឡើង វិញ នៅឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាលបានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។
បុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ធ្វើឡើងក្រោមប្រធាន បទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ៕