នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទគ្រួសារអាស៊ីលើកទី៤ នៅសធារណរដ្ឋសិង្ហបុរី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលជួបដាច់ដោយឡែកជាមួយព្រះអង្គម្ចាស់ Michael George (រាជវង្សអង់គ្លេស) និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Care for Children ដើម្បីជាការសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ និងលោកនាយកប្រតិបត្តិអង្គការ ដែលបានសហការក្នុងការបំពេញបេសកកម្មរបស់ខ្លួន តាមរយៈការអនុវត្តគម្រោងថែទាំកុមារនៅកម្ពុជា ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមកនេះ។
ព្រះអង្គម្ចាស់ Michael George និងលោកបណ្ឌិត Robert Glover បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ Care for Children ដោយបានបញ្ជាក់ថា អង្គការនៅតែបន្តសហការគាំទ្រ តាមរយៈការចូលរួមអភិវឌ្ឍ និងពង្រឹងការអនុវត្តគោលនយោបាយ លិខិតបទដ្ឋានពាក់ព័ន្ធ ការកសាងសមត្ថភាពមន្ត្រី បុគ្គលិក សង្គម ព្រមទាំងសហការជាមួយមណ្ឌលថែទាំកុមាររបស់រដ្ឋ និងបន្តពង្រីកទៅខេត្តគោលដៅអាទិភាពផ្សេងទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការបន្តគាំទ្រចំពោះកិច្ចសហការរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអង្គការក្នុងដំណាក់កាលទី២ និងជាបន្តបន្ទាប់ ដោយក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបន្តកិច្ចសហការល្អ ក្នុងភាពជាដៃគូជាមួយអង្គការ ព្រមទាំងលើកទឹកចិត្តដល់អង្គការ Care for Children ឱ្យពង្រីកគម្រោង កម្មវិធីទៅខេត្តគោលដៅអាទិភាពផ្សេងទៀតក្រៅពីខេត្តដែលមានស្រាប់។
ព្រះអង្គម្ចាស់ Michael George និងលោកបណ្ឌិត Robert Glover ក៏បាន អញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារ នៅចក្រភពអង់គ្លេសនៅដើមឆ្នាំ២០២៥ ខាងមុខ។ ជាការឆ្លើយតប ឯកត្តមរដ្ឋមន្ត្រី បានទទួលយកការអញ្ជើញនេះ។