ក្រុមហ៊ុន Guoxing Group ប្ដេជ្ញាបោះទុនវិនិយោគក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា


   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នារសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសជំនួបនេះ លោកឧកញ៉ាប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសកម្មភាពវិនិយោគនាពេលកន្លងមករបស់ក្រុមហ៊ុននៅកម្ពុជា និងអំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន​ក្នុង​រយៈ៥ឆ្នាំខាងមុខលើការបង្កើតសួនឧស្សាហកម្ម។ ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្ម។ លោកប្រធានក្រុមហ៊ុនបានបន្ថែមទៀតថា បណ្តាក្រុមហ៊ុនជាច្រេីន​របស់​ចិន​ បាន​ធ្វេីដំណេីរទស្សនកិច្ចពាណិជ្ជកម្មមកកម្ពុជា៤លេីកមកហេីយ​ ក្រោមការ​សម្របសម្រួល​របស់​ Guoxing Group ដេីម្បី​ស្វែង​យល់ពី​សក្តានុពល​ និងឱកាស​វិនិយោគ​នៅកម្ពុជា​ ព្រមទាំងបានប្ដេជ្ញាបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្តែងនូវការរីករាយចំពោះក្រុមហ៊ុនដែលបានបោះទុនវិនិយោគនៅកម្ពុជា និងមានផែនការពង្រីកការវិនិយោគបន្ថែមទៀត។ សម្ដេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់ជោគជ័យរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ផងដែរថា នេះជាចំណុចដ៏ល្អមួយ ដែលក្រុមហ៊ុន Guoxing Group មានបណ្ដាក្រុមហ៊ុនចូលរួមច្រើន ដើម្បីផលិតជាខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា​ រាជរដ្ឋាភិបាល​ផ្តល់នូបការគាំទ្រ​ និង​ផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគដែលផលិត​នូវ​ច្រវាក់ផលិតកម្មដេីម្បីផ្តង់ផ្គង់ក្នុងស្រុក​ និង​នាំចេញ​ទៅ​ក្រៅប្រទេស ៕

Post a Comment

Previous Post Next Post