(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានក្រើនរំលឹកជាថ្មីដល់កម្លាំងនគរបាលជំនាញ ត្រូវបន្ដពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ ដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ពិសេសព័ត៌មានសន្ដិសុខ។ការណែនាំនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំខែតុលា និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរព័ត៌មានជាមួយប្រទេសដទៃនេះ ជាកត្តាសំខាន់ក្នុងការបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបឲ្យបានទាន់ពេលវេលា ចំពោះសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបង្កចលាចលក្នុងប្រទេសកម្ពុជា។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ក្រុមប្រឆាំងជ្រុលនិយម នៅតែបន្ដចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដូច្នេះកម្លាំងនគរបាលជំនាញទាំងអស់ ពិសេសផែនសន្ដិសុខ ត្រូវតែបន្ដយកចិត្តទុកដាក់ពង្រឹងលើការងារនេះ ពោលប្រសិនស្រាវជ្រាវរកឃើញត្រូវតែបង្ក្រាបឲ្យខាងតែបាន។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញនូវបទបញ្ជាជាថ្មី ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមលើការបង្ក្រាបបទល្មើសគ្រប់ប្រទេស ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឲ្យមជ្ឈដ្ឋានខាងក្រៅធ្វើការលាបពណ៌ខុសការពិត។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏ណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវតែបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងដាក់ខាតត្រូវតែគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈ ដោយមិនត្រូវអនុវត្តអ្វីដែលលើសពីតួនាទីភារកិច្ចនោះដែរ។
ដោយឡែក សម្រាប់ទិសដៅបន្ដមួយទៀត ក្នុងខែវិច្ឆិកានេះ នាយឧត្តមសេនីយ៍ ស ថេត បានរំលឹកដល់អំពីការងារសំខាន់ៗមួយចំនួនចំពោះមុខ ពិសេសការរៀបចំព្រឹត្តិការណ៍នានា ត្រូវតែយកចិត្តទុកដាក់ធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមឲ្យបានគត់មុត៕
ប្រភព FRESH NEWS