ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ កម្ពុជាក្នុងសម័យអាណានិគមបារាំង» ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំ និងអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា, វាគ្មិន និងអ្នកជំនាញការខាងប្រវត្តិសាស្រ្តជាតិ និងអន្តរជាតិ, ព្រះសង្ឃ និងនិស្សិត ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ការចូលរួមរបស់វាគ្មិនជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវកិត្ដិយសជាតិ និងអន្ដរជាតិទាំងអស់ក្នុងសន្និសីទនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចែករំលែកចំណេះដឹង, លទ្ធផលនៃការស្រាវជ្រាវផ្ទាល់ខ្លួនកន្លងមក, ទស្សនាទាន និងធាតុចូលនានាដល់ក្រុមការងារសរសេរប្រវត្តិសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជា សំដៅស្វែងរកការពិត និងសរសេរពីការពិតនៃប្រវត្តិសាស្ត្រកម្ពុជា ដែលមានលក្ខណៈវិទ្យាសាស្ត្រ, ភាពគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានទូលំទូលាយ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ នៅក្នុងការវិវត្តនៃទំព័រប្រវត្តិសាស្ត្រកម្ពុជា ចាប់ពីចំណុចចាប់ផ្តើមនៃការគ្រប់គ្រងរបស់បារាំងនៅឆ្នាំ១៨៦៣ រហូតដល់ការទទួលបានឯករាជ្យនានៅឆ្នាំ១៩៥៣។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តមានប្រសាសន៍ថា កម្ពុជាជាប្រជាជាតិមួយ ដែលមានប្រវត្តិសាស្រ្តយូរលង់, ធ្លាប់មានទឹកដីធំទូលំទូលាយ, អារ្យធម៌ឧត្តុង្គឧត្តម, ថ្កុំថ្កើងរុងរឿង និងល្បីរន្ទឺ។ ចាប់ពីសតវត្សទី១ នៃគ្រិស្តសករាជ ប្រទេសកម្ពុជាបានឆ្លងកាត់នូវរបត់ប្រវត្តិសាស្ត្រជាច្រើន ហើយប្រវត្តិសាស្ត្រសម័យហ្វូណនឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជា គឺជាអាណាចក្រដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសេដ្ឋកិច្ចរីកចម្រើនដោយពឹងផ្អែកលើកសិកម្ម និងជំនួញផ្លូវសមុទ្រ តាមរយៈប្រព័ន្ធព្រែកជីកខ្វាត់ខ្វែងប្រទាក់គ្នា ភ្ជាប់ពីអាណាចក្រទៅកាន់កំពង់ផែសមុទ្រ និងទៅតំបន់ផ្សេងៗទៀត រហូតក្លាយជាអាណាចក្រដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រមនុស្សលោក គឺ អាណាចក្រអង្គរ ដែលរីកចម្រើនរុងរឿងក្នុងរយៈពេលជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ប៉ុន្តែជាអកុសល ចាប់ពីសតវត្សទី១៤ មក ប្រទេសកម្ពុជាបានពើបប្រទះនឹងសង្គ្រាមឈ្លានពានផង និងជម្លោះផ្ទៃក្នុងផង គួបផ្សំនឹងបច្ច័យមិនល្អមួយចំនួនទៀត ដូចជាគ្រោះធម្មជាតិជាដើម ដែលប្រការទាំងអស់នេះ គឺជាហេតុធ្វើឱ្យប្រទេសជាតិធ្លាក់ចុះដុនដាប ហើយទឹកដីត្រូវរួមតូចបន្តិចម្តងៗ និងធ្លាក់ខ្លួនទៅក្នុងអាណានិគមបារាំងអស់រយៈពេលជិត ១សតវត្ស។ រឹតតែជាអកុសលជាងនេះទៅទៀត នៅក្នុងប្រវត្តិសាស្រ្តថ្មីនៃកម្ពុជា ទឹកដីសុវណ្ណភូមិនេះបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងអូសបន្លាយជិត៣ទសវត្ស និងរបបប្រល័យពូជសាសន៍ ដែលបានបង្កវិនាសកម្មបំផ្លិចបំផ្លាញគ្រប់វិស័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ឆ្លងកាត់ភាពថមថយ, ការបែកបាក់, សង្គ្រាម និងការឈឺចាប់អស់រយៈពេលជាង ៥០០ឆ្នាំ កម្ពុជា ទើបទទួលបានសន្តិភាពពេញលេញ និងឯកភាពជាតិនិងទឹកដីនាខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាព, ការផ្សះផ្សាជាតិ និងឯកភាពទឹកដីជូនមាតុភូមិកម្ពុជា។ ពិតណាស់ «សង្គ្រាមងាយបង្កើត តែលំបាកបញ្ចប់», «សន្តិភាពពិបាករក តែងាយបាត់បង់»។ ដូច្នេះ ការសិក្សាស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្ត្រនឹងធ្វើឱ្យយើងចងចាំមេរៀនជូរចត់នៃសង្គ្រាម និងផ្តល់គុណតម្លៃនៃសន្តិភាព និងចូលរួមថែរក្សាសន្តិភាព ក៏ដូចជាបង្រៀនយើង, ដាស់តឿនយើង, តម្រង់ទិស និងកែតម្រូវយើងឱ្យចេះរស់, ឱ្យចេះកសាង, ឱ្យចេះលូតលាស់, ឱ្យចេះរឹងមាំ, ឱ្យចេះការពារ, ឱ្យចេះថែរក្សា និងឱ្យចេះស្រឡាញ់ជាតិ ក្នុងនាមជាប្រជាជាតិមួយ ដែលមានប្រវត្តិសាស្រ្តយូរលង់ និងមានវប្បធម៌និងអារ្យធម៌រុងរឿងកន្លងមក។