សេចក្តីបំភ្លឺព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់


   ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម! ចេញសេចក្តីបំភ្លឺ ស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ !!! អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ÷កាលពីល្ងាចថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វិទ្យុបារាំងអន្តរជាតិ ខេមរភាសា «RFI Khmer» បាន ចេញផ្សាយនូវព័ត៌មានដែលមានខ្លឹមសារអំពីការកាត់ទោសជនជាតិចិន និងបក្សពួកសរុបចំនួន ៣នាក់ នៅក្នុង សំណុំរឿងលាងលុយកខ្វក់នៅសហរដ្ឋអាម៉េរិក។ ក្នុងនោះ វិទ្យុបារាំងអន្តរជាតិ ខេមរភាសា «RFI Khmer» ក៏បានលើកឡើងថា ÷ក្នុងចំណោមជនល្មើសដែលត្រូវបានចាប់ខ្លួនទាំង ៣នាក់នោះ មានម្នាក់ឈ្មោះ Daren Li ជាជនជាតិចិនមានសញ្ជាតិខ្មែរ។

ពាក់ព័ន្ធនឹងការផ្សាយខាងលើ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ជូនថា÷ ឈ្មោះ Daren Li ធ្លាប់ចេញចូលប្រទេសកម្ពុជា ប៉ុន្តែឈ្មោះនេះពុំមានសញ្ជាតិខ្មែរទេ។ ផ្អែកតាមព័ត៌មានដែលបានចុះផ្សាយ ដោយគេហទំព័រផ្លូវការរបស់ក្រសួងយុត្តិធម៌ សហរដ្ឋអាម៉េរិក (U.S. Department of Justice) កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ពុំមានខ្លឹមសារណាមួយដែលបញ្ជាក់ថា÷ ឈ្មោះ Daren Li មានសញ្ជាតិខ្មែរនោះទេ ដោយគ្រាន់តែបានបញ្ជាក់ថា ÷ជននោះធ្លាប់ស្នាក់នៅកម្ពុជាតែប៉ុណ្ណោះ។

ការផ្សាយព័ត៌មានដែលមិនត្រឹមត្រូវ ដោយវិទ្យុបារាំងអន្តរជាតិ ខេមរភាសា «RFI Khmer» អាចធ្វើឱ្យសាធារណមតិយល់ច្រឡំ និងប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។ ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមស្នើវិទ្យុបារាំងអន្តរជាតិ ខេមរភាសា «RFI Khmer» ធ្វើការកែតម្រូវព័ត៌មានខាងលើ និងចូលរួមទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត ឬ ការលាបពណ៌ផ្សេងៗក្នុងចេតនាទុច្ចរិត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់ប្រទេសកម្ពុជា។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមធ្វើការកត់សម្គាល់ថា÷ ប៉ុន្មានខែចុងក្រោយនេះ មានការព្យាយាម ផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយមួយចំនួនអំពីប្រទេសកម្ពុជា ដោយក្រុមជនទុច្ចរិតមួយ ក្តាប់តូចដែលមានបំណងសស្អុយឈ្មោះ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ដើម្បីចូលរួមចំណែកលើកស្ទួយកិត្យានុភាពរបស់ជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមសំណូមពរដល់ បងប្អូនអ្នកសារព័ត៌មាននានា មេត្តាជួយផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដ ដែលឆ្លុះបញ្ចាំងអំពីទិដ្ឋភាពជាក់ស្តែង និងចំណុចវិជ្ជមានជាច្រើនអំពីប្រទេសកម្ពុជាដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាខិតខំប្រឹងប្រែង សម្រេចបាននាពេលកន្លងមក៕



Post a Comment

Previous Post Next Post