ទីស្តីក្រសួង ស.អ.យ ៖ ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឌីន បូរី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីផែនការអនុវត្តនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាមួយអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ ដែលមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន៥៣នាក់ ស្រី១៩នាក់។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបង្ហាញផែនការអនុវត្តនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងពិភាក្សាអំពីការកំណត់តំបន់គោលដៅ និងវិធីសាស្រ្តនៃការចុះអនុវត្តនីតិប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនដល់ក្រុមគោលដៅ។