មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធ កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែល​បាន​ពលីជីវិត​ក្នុង​សម័យ​សង្គ្រាម​ នៅ​ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ


   ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាន នាយទាហានរងនិងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែល​បាន​ពលីជីវិត​ ក្នុង​សម័យ​សង្គ្រាម​នៅ​ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា ឆ្នាំ១៩៥៣ - ៩វិច្ឆិកា ឆ្នាំ២០២៤ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅសង្កាត់​អាចារ្យ​លាក់​ ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងសន្ទរកថា ដោយបានគូសបញ្ជាក់ថា ក្នុងរយៈពេល៧១ឆ្នាំ កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានឆ្លងកាត់ដំណាក់កាលផ្លាស់ប្ដូរក្នុងដំណើរបត់បែននៃប្រវត្តិសាស្ត្រជាច្រើន និងទទួលនិន្នាការនយោបាយខុសៗគ្នា ។ តែបច្ចុប្បន្ននេះកងយោធពលខេមរភូមិន្ទ នៅតែរក្សាបាននូវអត្តសញ្ញាណជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលប្រសូត្រចេញពីប្រជាជន និងដើម្បីប្រជាជនកម្ពុជា ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានញ្ជាក់បន្ថែមទៀតថា មកដល់បច្ចុប្បន្ននេះ កងយោធពលខេមរភូមិន្ទ បានរីកចម្រើនធំធាត់ ទាំងបរិមាណ និងគុណភាព នឹងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ស្របតាមការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅ​ក្នុង​ឱកាសនេះ​ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ប្តេជ្ញាចិត្តដាច់ខាត  ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី  និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត បន្ទាប់មកបានអញ្ជើញទៅដុតធូបគោរពវិញ្ញាណក្ខន្ធនៅតាមផ្នូរសពរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី  ដែលបានតម្កល់ទុកនៅវិមានរំលឹកគុណយុទ្ធជនពលីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិត​នៅ​ភូមិ​ក្រចាប់​ សង្កាត់​អាចារ្យ​លាក់​ ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ​ ផងដែរ៕









Post a Comment

Previous Post Next Post