(សិង្ហបុរី)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគី នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។
នៅក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការងារនៅក្នុងក្របខណ្ឌអាស៊ាន ពិសេសដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលបរិបទសេដ្ឋកិច្ចសង្គម និងនយោបាយក្នុងសកលលោក ដែលក្នុងនោះរួមមាន ការបម្លាស់ទីនៃពលករទេសន្ដរប្រវេសន៍នៅក្នុងតំបន់អាស៊ាន និងចល័តភាពអត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គមសម្រាប់ពលករទេសន្ដរប្រវេសន៍នៅក្នុងតំបន់អាស៊ាន និងអាស៊ានបូកបី។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានគាំទ្រលើការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្ដី និងបញ្ជាក់ពីគោលជំហរ និងការប្ដេជ្ញារបស់អគ្គលេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រ និងជំរុញវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងក្របខណ្ឌអាស៊ាន ពិសេសពាក់ព័ន្ធនឹងការគាំពារពលករទេសន្ដរប្រវេសន៍, ការអភិវឌ្ឍជំនាញសម្រាប់យុវជន ពិសេសពលករទេសន្ដរប្រវេសន៍ និងចល័តភាពនៃអត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គមជូនពលករទេសន្ដរប្រវេសន៍នៅក្នុងតំបន់អាស៊ាន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានផ្លាស់ប្តូរព័ត៌មាន និងទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការផ្សេងៗរបស់បណ្តាប្រទេសអាស៊ានជាមួយប្រទេសដៃគូនានា ផងដែរ។
ជំនួបពិភាក្សាការងារទ្វេភាគីនេះ បានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព៕
#MLVT #HENGSour