សម្តេច ម៉ែន សំអន អញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ


  សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា  បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ នារសៀល ថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត មានសេចក្ដីតក់ស្លុត និងសោកស្តាយជាអនេកចំពោះ មរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់នូវធនធានមនុស្សដ៏កម្រមួយរូបក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ទាំងផ្នែកពុទ្ធចក្រ អាណាចក្រ និងជាសប្បុរសជនដ៏សំខាន់មួយរូបក្នុងវិស័យមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

សម្ដេចកិត្តិសង្គហបណ្ឌិតក៏បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕











Post a Comment

Previous Post Next Post