ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រគល់ធុងសំរាម ចំនួន ៤០៤ ធុងបន្ថែមទៀម ជូនដល់រដ្ឋបាលស្រុកពញាក្រែក សម្រាប់ចែកជូនដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ដើម្បីពង្រឹងភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេសចូលរួមជំរុញចលនាយុទ្ធនាការគ្មានប្លាស្ទិក នៅតាមផ្លូវ នាឆ្នាំ២០២៥។
ពិធីប្រគល់និងទទួលធុងសំរាម បានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ឯកឧត្តម កែន សិរីរដ្ឋា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកពញាក្រែក តំណាងគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរគ្រប់ថ្នាក់នៃស្រុកពញាក្រែក កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើននាក់ កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ក្នុងសាលាបឋមសិក្សាក្រែកក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់ជូនធុងទុកដាក់សំរាមនាពេលនេះ ជាការថ្លែងអំណរគុណ ដល់ការចូលរួមយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន ពីកិច្ចសហការទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍នានា និងជាពិសេសរដ្ឋបាល ថ្នាក់ក្រោមជាតិ អាជ្ញារមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានផែនការសកម្មភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសរសរស្តម្ភ៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា ផែនការសកម្មភាពជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន នៅក្នុងពេលដ៏ខ្លីខាងមុខ គឺជំរុញឱ្យ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ សម្រាប់ឆ្នាំ២០២៥»។ សកម្មភាពជាយុទ្ធសាស្រ្តនឹងធ្វើឱ្យកម្ពុជាសម្រច បាននូវភាពស្អាត ភាពស្អាតរបស់កម្ពុជា មិនត្រឹមតែបានបណ្តុះគំនិតស្អាត ពីក្នុងខ្លួន ហើយពេលនេះចេញមកក្រៅ និងក្នុងសង្គមថែមទៀត។ លើសពីនេះ ភាពស្អាតដែលបានក្លាយពីការបេ្តជ្ញាចិត្ត ហើយបានកំពុងមានការចូលរួមជាសកម្មភាព យ៉ាងផុសផុលពីប្រជាជនកម្ពុជា ជាពិសេសយុវជនកម្ពុជា នាពេលបច្ចុប្បន្ន ឈានឆ្ពោះទៅជាចលនាចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមបានត្រឹមត្រូវជាបណ្តើរៗ ឆ្ពោះទៅមានទម្លាប់ ដើម្បីកម្ពុជាមានភាពស្អាត ការអភិវឌ្ឍដោយចីរភាព និងភាពរុងរឿងនៃកម្ពុជា ព្រមទាំងចូលរួមគាំទ្រទាំងអស់គ្នា ធ្វើយ៉ាងណា ឱ្យរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ និងអង្គភាពមានភាពស្អាត រៀបចំឱ្យមានធុង ឬ កន្លែង ទុកដាក់ញែកសំរាម (ធ្វើជាធនាគារប្លាស្ទិក) ពេលពេញធុង អាចយកទៅលក់បានថវិកាជួយដល់សហគមន៍ ឬសិស្សានុសិស្សមានជីវភាពខ្វះខាតបាន ដោយត្រូវរៀបចំឱ្យមានធុងដាក់សំរាមនៅគ្រប់សាលារៀន វត្តអារាម មណ្ឌលសុខភាពម្តងមួយខេត្តៗឱ្យបានទូទាំងប្រទេស។
សូមបញ្ជាក់ថា ដើម្បីគាំទ្រដល់ក្រុង ស្រុក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានរៀបចំធុងដាក់សំរាម ផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ចែកជូនដល់គ្រប់គ្រឹះស្ថានសិក្សា មូលដ្ឋានសុខាភិបាល វត្តអារាម រដ្ឋបាលឃុំ-សង្កាត់ទូទាំងខេត្តត្បូងឃ្មុំ និងជាបន្តបន្ទាប់ទៅកាន់មូលដ្ឋានស្រុក ក្រុង នៃខេត្តនានាទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ជូនធុងសំរាម សម្រាប់ទីអារាម សាលារៀន មណ្ឌលសុខភាព និងសាលាឃុំ-សង្កាត់ទូទាំងខេត្តត្បូងឃ្មុំ សរុបចំនួន ២២៧២ ធុង។ ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារគណបក្ស បានចូលរួមផ្តល់ធុងសំរាមជូនរដ្ឋបាលស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក និងស្រុកមេមត់។ ចំណែកក្រុងស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំនឹងបន្តចែកជូនជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខ។
កន្លងមក ក្រសួងបរិស្ថាន បានទទួលបានការចូលរួមអនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សំដៅដល់ការទប់ស្កាត់ ការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា ចំនួន ជាង៩,៧លាននាក់ ដែលបានចូលរួមនិងប្តេជ្ញាចិត្ត មិនប្រើថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍ និងពង្រីកចលនា «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន» ដែលតម្រូវឱ្យចូលរួមចំណាយពេល ដើម្បីសម្អាត និងដាំកូនឈើជុំវិញបរិវេណផ្ទះ រោងចក្រ សហគ្រាស សាលារៀន និងនៅតាមទីអារាម ព្រមទាំងក្នុងមូលដ្ឋាន មានអ្នកចូលរួមជាង ៣,៦លាននាក់ ផងដែរ។ ក្រសួងបរិស្ថាន បានបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំ បានជាង ១,៣លានដើម ហើយជាបន្ត នឹងបង្កើនការដាំដើមឈើ រួមទាំងដើមត្នោតជារបងដ៏រឹងមាំសម្រាប់ការពារមាតុភូមិកម្ពុជាយើង ឱ្យបានច្រើន ដើម្បីកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។