កំពង់ចាម៖ នារសៀលថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំ ក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមអញ្ជើញចុះពិនិត្យស្ថានភាពច្រាំង ដែលបានបាក់ស្រុតចូលទៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិមាន់ដប់លើ (មុខវត្តមាត់ដប់ ) ឃុំមានជ័យ ស្រុកស្រីសន្ធរ។
គូរបញ្ជាក់ថា ច្រាំងទន្លេដែលបានបាក់ស្រុតខាងលើ មានបណ្ដោយប្រវែងប្រមាណ ៨០ម៉ែត្រ និងបានបាក់ស្រុតចូលក្នុងទន្លេ ទទឹងប្រវែង ១៥ ទៅ ២០ ម៉ែត្រ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យច្រាំងទន្លេ ដែលបានបាក់ស្រុតនាពេលកន្លង ស្ថិតនៅព្រំប្រទល់ ឃុំមានជ័យ ដែលនៅសល់ចម្ងាយពីផ្លូវ 70B ប្រវែង២ ម៉ែត្រ ទៅ៣ម៉ែត្រប៉ុណ្ណោះ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ឲ្យមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ដើម្បីសិក្សាលទ្ធភាពក្នុងការស្តារ និងជួសជុលច្រាំងទន្លេឡើងវិញផងដែរ។ ក្នុងដំណើរអញ្ជើញចុះ ការងារខាងលើ ក៏មានការនិមន្ត និងចូលរួមព្រះចៅអធិការវត្ត គណៈកម្មការវត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ មួយចំនួនទៀត៕