ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា


   ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា សូមចងចាំថាការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។ តាមរយៈសកម្មភាពនេះក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាព ជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធានបទមួយសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ គឺបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឱ្យយុវជនប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយការផ្តល់ឈាម ដើម្បីធានាឱ្យមានការផ្តត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងអស់ សូមខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្មារតីទឹកចិត្តសណ្តុះ អាណិតស្រឡាញ់ មេត្តាករុណា និងផ្តល់ភាពកក់ក្តៅ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យទាំងអស់ មានស្មារតីរួបរួមគ្នា សាមគ្គី ចេះជួយគ្នា គោរពវិន័យ និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចំរើនថែមទៀតនៅក្នុងអង្គភាពរបស់ខ្លួន។ ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំពិធីនេះឡើង និងសប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ ដែលបានផ្តល់ឈាម កំពុងផ្តល់ឈាម និងបន្តផ្តល់ឈាមដោយទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្ស។ ក្នុងនោះដែរ ក៏មានពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចំនួន ២០២រូប ដែលក្នុងនោះរួមមាន៖ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៣រូប ព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន ៣រូប និងមេដាយការងារថ្នាក់សំរិទ្ធ ចំនួន១៩៦រូប ដែលមានស្នាដៃ និងដើម្បីជាការរលើកទឹកចិត្ត ក្នុងការខិតខំបំពេញភារកិច្ចឱ្យកាន់តែល្អប្រសើរថែមទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញឆ្លៀតសួរសុខទុក្ខក្រុមគ្រួសារអ្នកដែលសម្រាលព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត អំពីការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យទាំងការទទួលបដិសណ្ឋារកិច្ច ការផ្តល់សេវាព្យាបាល ក្រមសីលធម៌ក្រុមគ្រូពេទ្យ និងមតិចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ៕ អរគុណសន្តិភាព

















Post a Comment

Previous Post Next Post