ប្រទេសថៃ៖ អ្នកបើកបរឡានដឹកសិស្សសាលាថៃ ដែលឆេះស្លាប់ក្មេងៗ ២០នាក់និងគ្រូបង្រៀន៣នាក់ បានចូលប្រគល់ខ្លួនឲ្យប៉ូលិសហើយ និងបានប្រាប់ដំណើររឿងនៃហេតុការណ៍ដ៏រន្ធត់នេះទាំងអស់។
លោក Samarn Chankut អាយុ៤៨ឆ្នាំ ជាអ្នកបើកបរឡាន បានចូលប្រគល់ខ្លួនឲ្យប៉ូលិសស្រុក Wiset Chai Chan ក្នុងខេត្ត Ang Thong កាលពីរាត្រីថ្ងៃអង្គារ ហើយប៉ូលិសក៏បញ្ជូនគាត់បន្តទៅប៉ុស្តិ Khu Khut ក្នុងខេត្ត Pathum Thani ដើម្បីសាកសួរបន្ថែម។
តាមចម្លើយរបស់អ្នកបើកបរឡាន គាត់តក់ស្លុតខ្លាំងពេក ហើយក៏បានរត់ចេញពីកន្លែងកើតហេតុ ទៅពួនសំងំនៅផ្ទះបងប្អូនក្នុងខេត្ត Ang Thong។ រថយន្តរបស់គាត់គឺជារថយន្តទីពីរនៅក្នុងក្រុមរថយន្តដែលមាន៣គ្រឿង ដឹកសិស្សពីខេត្ត Uthai Thani ទៅមើលការតាំងពិពណ៌នៅអាជ្ញាធរអគ្គិសនីថៃក្នុងស្រុក Bang Kruai នៃខេត្ត Nonthaburi។
ទិដ្ឋភាពនៅកន្លែងកើតហេតុឆេះរថយន្តដឹកសិស្ស (រូបថត៖ Khaosod) រថយន្តកំពុងធ្វើដំណើរក្នុងល្បឿន ៧០-៨០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលបាត់បង់លំនឹងនៅលើផ្លូវ Vibhavadi Rangsit ជិតផ្សារទំនើប Zeer Rangsit ក្នុងស្រុក Lam Luk Ka នាវេលាថ្ងៃត្រង់។
គាត់ថា រថយន្តមានបញ្ហាដូចជាផ្ទុះកង់ ឬពោងសុវត្ថិភាព ហើយក្រោយមកក៏រេចង្កូតទៅបុកជាមួយរថយន្ត Mercedes Benz មួយគ្រឿងមុនពេលបុករបាំងផ្លូវ។ បន្ទាប់មក អណ្តាតភ្លើងក៏ចាប់ផ្តើមឆេះរាលដាលយ៉ាងលឿនពេញរថយន្តតែម្តង ហើយអ្នកបើកបរឡានភ័យពេក ក៏រត់ចេញពីកន្លែងកើតហេតុតែម្តង។
ក្រោយការសាកសួរ ប៉ូលិសក៏បើកការស៊ើបអង្កេតលើករណីនេះ ហើយជាបឋមមានការសង្ស័យថា រថយន្តនេះអាចឆេះដោយសារផ្ទុះធុងហ្គាស់។ ប៉ុន្តែយ៉ាងណា មូលហេតុពិត មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។
សូមបញ្ជាក់ថា រថយន្តក្រុងនេះមានដឹកសិស្សតូចៗចំនួន៣៨នាក់ និងគ្រូ៦នាក់ មកពីសាលា Wat Khao Praya Sangkharam ក្នុងស្រុក Lan Sak នៃខេត្ត Uthai Thani នៅពេលជួបហេតុការណ៍ដ៏រន្ធត់ ដែលមិនមែនតែប្រទេសថៃទេ ពោលគឺពិភពលោកទាំងមូល សុទ្ធតែបង្ហាញការតក់ស្លុត៕
អរគុណសន្តិភាព