ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសមជាមួយក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា


   នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤  ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មការធិការកណ្ដាល ស.ស.យ.ក ព្រមទាំងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យនៃកម្ពុជាទាំង២២ ស្ថាប័នផងដែរ។  

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា បានធ្វើរបាយការណ៍ពាក់ព័ន្ធនឹងការងារសម្រេចបានរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ដែលកន្លងមកបានចូលរួមយ៉ាងសកម្មភាពក្នុងកិច្ចការសង្គមស្របតាមចក្ខុវិស័យ និងផែនការឆ្ពោះទៅមុខរបស់ ស.ស.យ.ក. រួមមាន ការរៀបចំរចនាសម្ព័ន្ធ ស.ស.យ.ក តាមសាកលវិទ្យាល័យ ការរៀបចំកម្មវិធី និងព្រឹត្តិការណ៍សំខាន់ៗ ដើម្បីផ្ដល់ជាឱកាសដល់យុវជនបានប្រមូលផ្ដុំគ្នាចូលរួមលើកស្ទួយ និងថែរក្សាដល់វិស័យអប់រំ វប្បធម៌ សង្គម សិល្បៈ ចេះស្រលាញ់ជាតិ និងគាំទ្រសកម្មភាពល្អៗជាដើម។ ទន្ទឹមនេះឯកឧត្តមក៏បានលើកយកនូវបញ្ហាប្រឈម និងសំណូមពរនានា ជូនអង្គប្រជុំ ដើម្បីស្នើសុំមតិដឹកនាំបន្ថែមពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងសមាជិកនៃអង្គប្រជុំផងដែរ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជារួចមក ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា វេទិកាជួបជុំគ្នានៅថ្ងៃនេះគឺជាឱកាសនៃការស្វែងយល់ពីគ្នាទៅវិញទៅមកផ្លាស់ប្ដូរមតិយោបល់នៃការអនុវត្តការងារនៃការយុវជននៅក្នុងក្របខណ្ឌស.ស.យ.ក.កន្លងមកដែលយើងបានធ្វើនៅតាមស្ថាប័ននីមួយៗ។ ឯកឧត្តមបានបន្តថា ការជួបជុំនេះក៏ជាការស្ដាប់នូវឱកាស និងបញ្ហាប្រឈមនានាដែលកំពុងកើតឡើង ជាពិសេសភាពប្រទាក់ក្រឡាគ្នានៃយន្តការបស់ស.ស.យ.ក.ជាមួយនឹងយន្តការរបស់គ្រឹះស្ថានឧត្តមសិក្សាអាចជួយបំពេញគ្នាទៅវិញទៅមកដើម្បីជំរុញប្រសិទ្ធភាពនៃការងារលើកស្ទួយសមត្ថភាពយុវជន។ 

ជាមួយគ្នានេះ ឯកឧត្តមបានយកឱកាសនេះ ពន្យល់ពី( UYFC 2.0) ដល់អង្គប្រជុំដែលនេះគឺជាវិធីសាស្ត្រថ្មីស្របតាមយុទ្ធសាស្ត្រចាស់ គឺយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ធ្វើយ៉ាងណាផ្ដល់លទ្ធភាពឱ្យយុវជនចូលរួមជាមួយនឹងបុព្វហេតុ បុព្វហេតុ ស.ស.យ.ក.កាន់តែមានអត្ថន័យ ជាពិសេសជំរុញឱ្យយុវជនកាន់តែយល់ច្បាស់ពីបុព្វហេតុរបស់ ស.ស.យ.ក. តាមរយៈកម្មវិធីដែលពួកគាត់ចូលរួម។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតថា  ជំនួបជាមួយក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា នឹងបន្តរៀបចំឡើងជាបន្តបន្ទាប់ទៀតនៅថ្ងៃមុខ ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់អង្គភាពនីមួយៗ ដែលចាំបាច់ត្រូវរៀនសូត្របន្ថែមពីគ្នាទៅវិញទៅមក តាមរយៈការចែករំលែកនូវបទពិសោធន៍តាមស្ថាប័ន ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការនៃការពង្រឹងរចនាសម្ព័ន្ធរបស់ ស.ស.យ.ក កាន់តែមានភាពមាំ និងក្លាយទៅជាស្ថាប័នគំរូមួយដែលយុវជនជំនាន់ក្រោយ។

















Post a Comment

Previous Post Next Post