ខេត្តកំពត៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានគូសបញ្ជាក់ថា ការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺដើម្បីបញ្ចប់វិវាទដីធ្លីទូទាំងប្រទេស ផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ជំនាន់ ។ នេះគឺជាលើកទី១ ក្នុងប្រវត្តិសាស្រ្តដែលយើងបានបញ្ចប់ការងារចុះបញ្ជីដីធ្លីឡើងវិញនៅទូទាំងប្រទេស ដែលការងារនេះគឺតម្រូវឱ្យចំខួបលើកទី៤០ នៃការចុះបញ្ជីដីធ្លីនៅកម្ពុជាក្រោយឆ្នាំ១៩៧៩ ។
ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានឱ្យដឹងថា មកទល់ពេលនេះក្បាលដីដែលបានវាស់វែងរួចមានប្រមាណជាង ៧លាន ៥សែនក្បាលដី និងនៅសល់ប្រមាណជាង ១ លានក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់ការវាស់វែងដីធ្លីនៅទូទាំងប្រទេស ។
ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងផ្ដល់នូវសេវាគាប់ចិត្តជូនប្រជាពលរដ្ឋដែលអាចប្រើប្រាស់សេវាគ្រប់បែបយ៉ាងរបស់ក្រសួងបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលមានអ៊ីនធឺណិតនិងមានភាពងាយស្រួលរហ័សទាន់ចិត្ត ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បន្តរួមគ្នាជំរុញការអភិវឌ្ឍខេត្តបន្ថែមទៀត មានភាពទាក់ទាញ ដើម្បីទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋ លើកស្ទួយជីវភាពរស់នៅរបឱ្យកាន់តែប្រសើរឡើង ឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
សូមបញ្ជាក់ថា អង្គប្រជុំក៏បានត្រួតពិនិត្យលើបញ្ហាប្រឈមមួយចំនួនក្នុងភូមិសាស្ត្រទូទាំងខេត្ត និងបានដាក់ចេញនូវវិធានការដោះស្រាយឆ្លើយតបតម្រូវការរបស់មូលដ្ឋាន និងចក្ខុវិស័យអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ។ ហើយរយៈពេល១ឆ្នាំ ដើមអាណត្តិទី៧ ខេត្តកំពតបានអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ប្រកបដោយនវានុវត្តន៍ និងភាពប្រាកដនិយម ដោយបាននិងកំពុងឆ្លើយតបទៅនឹងអាទិភាពគន្លឹះទាំង៥ ដែលធានាធ្វើឱ្យប្រជាពលរដ្ឋទូទាំងខេត្ត នឹងមានទឹក ភ្លើង ផ្លូវ ប្រើប្រាស់គ្រប់គ្រាន់ ។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ជូនរដ្ឋបាលខេត្តកំពត ចំនួន៣គ្រឿង ខេត្តព្រះសីហនុ ចំនួន៣គ្រឿង និងខេត្តកែបចំនួន ០១គ្រឿង ព្រមទាំងបានផ្តល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ជូនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សម្រាប់កិច្ចការសង្គមនិងមនុស្សធម៌ ផងដែរ ៕