ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ មហោស្រពស្ថាបត្យកម្មកម្ពុជា ជាការបើកទំព័រ នៃសហសម័យកម្ពុជា


   ━━━━━✥◈✥━━━━━

   ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកពិធីមហោស្រពស្ថាបត្យកម្មកម្ពុជា ដែលគ្រោងនឹងរៀបចំនាពេលខាងមុខ ថាជាដំណើរមួយដ៏ត្រឹមត្រូវលើវិថីនៃដំណើររបស់កម្ពុជា និងបានចាត់ទុកក្រុមហ៊ុនដែលមានបំណងជួយឧបត្ថម្ភការរៀបចំពិធីមហោស្រពស្ថាបត្យកម្មកម្ពុជា ថាជាការចូលរួមដ៏មានសារៈសំខាន់ ដែលមិនគ្រាន់តែជាការឧបត្ថម្ភពិធីមហោស្រពឱ្យដំណើរការដោយរលូនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមដើម្បីឱ្យវិស័យស្ថាបត្យកម្មឆ្ពោះទៅមុខក៏ដូចជាជួយជំរុញឱ្យដំណើររបស់កម្ពុជាទទួលបានជោគជ័យនិងជាការបើកទំព័រនៃសហសម័យកម្ពុជាផងដែរ ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនដែលមានបំណងជួយឧបត្ថម្ភការរៀបចំពិធីមហោស្រពស្ថាបត្យកម្មកម្ពុជាដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា យើងទាំងអស់គ្នា បាននិងកំពុងតាក់តែងជីវិតរបស់យើងក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយល្អប្រសើរ ជាពេលវេលាដ៏សមស្របដែលមិនធ្លាប់ មានក្នុងប្រវត្តិ សាស្ត្រ រយៈពេល ៥០០ឆ្នាំមកនេះ ។ រាល់ស្ថាបត្យកម្មអគារឪនីមួយៗ ត្រូវផ្សារភ្ជាប់ទៅនឹង ភាព រស់រវើក ភាពស៊ីវីល័យ និងប្រពៃណីទំនៀមទំលាប់បូកបញ្ចូលគ្នាដើម្បីឱ្យសមស្របទៅនឹងការវិវត្តន៍នៃសហសម័យកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ឃើញថា នាពេលខាងមុខ កម្ពុជាមានអគារដ៏ស្រស់ស្អាតប្រណីតៗ និងជីវិតរស់នៅក្នុងអគារទាំងនោះពោរពេញដោយភាពស៊ីវិល័យ និងចង់ឱ្យជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាមានពន្លឺសុភមង្គល មានជីវភាពល្អប្រសើររស់នៅដោយភាពសុខក្សេមក្សាន្ត ដូច្នេះការងារនេះតម្រូវឱ្យយើងទាំងអស់គ្នាត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ថាតើយើងត្រូវបោះជំហានទៅមុខដោយរបៀបណាក្នុងការកសាងសង្គមជាតិអោយកាន់តែល្អប្រសើរ ៕






Post a Comment

Previous Post Next Post