ព្រះវិហារ៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារ ចុះទស្សនកិច្ចពិនិត្យការរៀន និងបង្រៀន នៅវិទ្យាល័យគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ។
បច្ចុប្បន្នវិទ្យាល័យគូលែន កំពុងទទួលបានការគាំទ្រពីគម្រោងGEIP និងបានរៀបចំការធ្វើតេស្តដើមឆ្នាំ ប្រចាំខែ ប្រចាំឆមាស ដើម្បីវិនិច្ឆ័យទៅលើសមត្ថភាពរបស់សិស្ស បន្ថែមពីនេះសាលាក៏បានរៀបចំគណៈកម្មការគ្រប់គ្រងសាលារៀន គណៈកម្មការថ្នាក់រៀន ដែលទទួលបានការចូលរួមគាំទ្រពីសំណាក់អាណាព្យាបាល សហគមន៍ និងអាជ្ញាធរ ដើម្បីជំរុញឱ្យការរៀន និងបង្រៀនកាន់តែមានប្រសិទ្ធភាពផងដែរ។
បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោកនាយកសាលារួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលដឹកនាំបង្ហាត់បង្រៀនសិស្សឱ្យទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយសង្ឃឹមថាវិទ្យាល័យនេះ នឹងសម្រេចបានស្តង់សាលារៀនគំរូនាពេលអនាគត។ សម្រាប់លោកគ្រូ អ្នកគ្រូដែលបានទៅរៀនបំប៉នបន្ថែមពីវិធីសាស្ត្របង្រៀនគួរចែករំលែកចំណេះដឹងបន្ដជូនដល់លោកគ្រូ អ្នកគ្រូក្នុងសាលាបន្ថែមដើម្បីយកមកអនុវត្តជួយដល់ការបង្រៀន និងរៀនឱ្យកាន់តែមានប្រសិទ្ធភាព។
សារជាថ្មីម្ដងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរ លោកគ្រូ អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រដល់គម្រោងកែលម្អគុណភាពអប់រំ និងស្នើឱ្យបន្តចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលដាក់ចេញដោយរាជរដ្ឋាភិបាល៕
១៦ កញ្ញា ២០២៤ | ខេត្តព្រះវិហារ