ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមនាវី ដុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈ ប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ចូលរួមអមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ព្រមទាំងនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។
នៅក្នុងឱកាសនៃការចូលរួមវេទិកាប៉េកាំងសៀងសាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹង ឡើងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី២ ស្តីពី «ពហុប៉ូល និងការវិវត្តសណ្តាប់ធ្នាប់អន្តរជាតិ»។ ក្នុងអំឡុងពេលនៃការ ចូលរួមវេទិកានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាំង យូសៀរ អនុប្រធានទី១ គណៈកម្មការយោធាមជ្ឈិមចិន ដើម្បីជំរុញចំណង ទំនាក់ទំនង មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាមួយគ្នានោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារ ប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋមន្ត្រីការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងមានជំនួបទ្វេភាគី ជាមួយដៃគូសន្ទនាមួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខជាមួយគ្នាផងដែរ៕
#ប្រភពពលជ័យ
#រូបភាពក្រសួងការពារជាតិ