រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋមន្រ្តីក្រសួងគមនាគមន៍ម៉ាឡេស៊ី ឯកភាពសហការរួមគ្នា លើគំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយ


   ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន កម្ពុជាក្នុងជំនួប ពិភាក្សាការងារជាមួយសមភាគីម៉ាឡេស៊ី ឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ (19th Asia Media Summit) រៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនេះ​ ភាគីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ​រវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ីក្នុងក្របខណ្ឌ នៃការផ្លាស់ប្តូរព័ត៌មានរវាងគ្នានឹងគ្នាជាពិសេសការផ្លាស់ប្តូរព័ត៌មានរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានជាតិរបស់ម៉ាឡេស៊ី BERNAMA ក៏ដូចជា​កិច្ច​សហការជាមួយវិទ្យុផងដែរ។ ជាងនេះទៅទៀត រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ​ក៏បានប្តេជ្ញា​ចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធន៍​គ្នា​ទៅវិញទៅមកលើកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយដើម្បីធ្វើឱ្យមានសុវត្ថិភាពព័ត៌មាន​សម្រាប់អ្នកប្រើប្រាស់ ។

រដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពសហការរួមគ្នាផ្តួចផ្តើមគំនិតលើការពង្រឹងសុវត្ថិភាពនិងសណ្តាប់ធ្នាប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងធ្វើការរួមគ្នាដើម្បីអំពាវ​នាវដល់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន ចូលរួមជាមួយកម្ពុជា និងម៉ាឡេស៊ី ក្នុងគំនិតផ្តួចផ្តើមនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធ​ផ្សាយ​សោត​ទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាល​ប្រទេស​ជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់​ការ​យល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ៕






Post a Comment

Previous Post Next Post