អគ្គស្នងការនគរបាលជាតិ ជំរុញឱ្យក្រុមហ៊ុនដឹកញ្ជូនម្ហូបអាហារធំៗ ចូលរួមគោរពច្បាប់ចរាចរ និងមិនទទួលដឹកអាវុធ ឬគ្រឿងញៀនឡើយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានជួបក្រុមដឹកជញ្ជូនម្ហូបអាហារជាង៤០០នាក់មកពីក្រុមហ៊ុនធំៗចំនួន១០ ដោយបានផ្សព្វផ្សាយ និងអំពាវនាវឱ្យចូលរួមច្បាប់ចរាចរ ព្រមទាំងមិនពាក់ព័ន្ធការដឹកជញ្ជូនទំនិញខុសច្បាប់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារឱ្យដឹងថា ទោះដាក់មន្រ្តីនគរបាលចរាចរណ៍តាមដងផ្លូវច្រើនយ៉ាងណា ក៏នឹងមិនគ្រប់គ្រាន់ឡើយ បើសិនពលរដ្ឋ ជាពិសេសអ្នកដឹកជញ្ជូនម្ហូបអាហារ មិនចូលរួមគោរពច្បាប់ ដោយបើកល្មើសល្បឿន មិនគោរពភ្លើងសញ្ញាចរាចរ និងបើកវាជែង ដើម្បីដឹកជញ្ជូនឱ្យទាន់ពេលវេលាជូនភ្ញៀវនោះ។
ឯកឧត្តមអគ្គស្នងការនគរបាលជាតិ លើកទឹកចិត្តឱ្យអ្នកដឹកជញ្ជូនម្ហូបអាហារក្លាយជាកោសិកាដ៏ល្អសម្រាប់សង្គម ដោយបើកបរច្បាប់ មិនពាក់ព័ន្ធគ្រឿងញៀន និងដឹកអាវុធខុសច្បាប់ជាដើម ហើយក្រៅពីជួបជាមួយក្រុមដឹកជញ្ជូនម្ហូបអាហារទ្រង់ទ្រាញធំបែប អគ្គស្នងការនគរបាលជាតិ គ្រោងនឹងជួបជាមួយក្រុមអ្នកបើកបររថយន្តកុងតឺន័រផងដែរ។
ក្រុមអ្នកដឹកជញ្ជូនម្ហូបអាហារជាច្រើន បានប្តេជ្ញាចិត្តនឹងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានល្អប្រសើរ ហើយក្រុមហ៊ុនខ្លះ បានទទួលមតិរិះគន់ចំពោះការបើកបរមិនគោរពច្បាប់ មិនគោរពភ្លើងសញ្ញាចរាចរណ៍ និងបើកព្រហើនជាដើម។
សូមជម្រាបថា ក្នុងរយៈពេល៨ខែឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ មានចំនួន៥៩១ករណី ដោយសម្លាប់មនុស្ស ១៧៣នាក់ស្លាប់ ហើយគិតជាមធ្យមក្នុង១ថ្ងៃ មានមនុស្ស៣នាក់ បានស្លាប់ដែលជាគួរឱ្យព្រួយបារម្ភ។
ចំណែកគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូ មានចំនួន ៦៣៩គ្រឿងក្នុងនោះ មាន១៤៤គ្រឿង បណ្តាលមកពីក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារផងដែរ ហើយនៅរាជធានីភ្នំពេញ ខណ្ឌដែលមានគ្រោះថ្នាក់ច្រើនជាងគេ គឺនៅជាយក្រុង មានដូចជា ខណ្ឌព្រែកព្នៅ កំបូល ជ្រោយចង្វារ ច្បារអំពៅ និងដង្កោ ៕