ទីស្តីការក្រសួង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបត្រូវបានតែងតែងថ្មី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជាន់ខ្ពស់នៃសា្ថនទូតចិនប្រចាំកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Wang Wenbin ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រមានិតចិន ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតចិន អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ពិសេសផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលផ្តោតអាទិភាពចម្បងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ សំដៅបង្កើនការតភ្ជាប់ និងភាពប្រទាក់ក្រឡា ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមជឿជាក់ថា រដ្ឋាភិបាលចិននឹងបន្តគាំទ្រដល់កម្ពុជាបន្ថែមទៀត ពិសេសគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាជំរុញការវិនិយោគឯកជន និងទាក់ទាញភ្ញៀវទេសចរណ៍ចិនមកកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីចំពោះការសា្វគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយក្នុងការបានបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងចិន និងកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូននាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្តែងការអបអរសាទរចំពោះខួប១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ ព្រមទាំងសន្យាបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យសាធារណការ និងដឹកជញ្ជូន។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា និងឯកឧត្តមឯកអគ្គរដ្ឋទូត Wang Wenbin បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងចិន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕