បាងកក៖ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានដឹកនាំមន្ត្រី ទៅចុះសួរសុខទុក្ខជនរងគ្រោះ ដោយសារទឹកជំនន់ នៅតាមតំបន់នានា ក្នុងខេត្ត Nan កាលពីថ្ងៃសៅរ៍។
លោកស្រី Paetongtarn រួមជាមួយនឹងសមាជិកសភាបក្សភឿថៃ បានជិះទូក ទៅសួរសុខទុក្ខប្រជាពលរដ្ឋ នៅតំបន់រងគ្រោះ និងផ្តល់ស្បៀងអាហារ ព្រមទាំង ជំនួយសង្គ្រោះដល់ពួកគេ។
លោកស្រីបាននិយាយថា «យើងបានផ្តល់ការគាំទ្រ ខាងសីលធម៌ ដល់ពួកគេ។ នៅពេលរដ្ឋាភិបាលថ្មីចូលកាន់តំណែង ជាផ្លូវការ រដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីជួយពួកគេឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
កាលពីថ្ងៃសៅរ៍ សាកសពមនុស្ស ៣នាក់ ត្រូវបានរកឃើញ នៅក្នុងខេត្ត Nan។ ខេត្តភាគខាងជើងមួយនេះ គឺជាខេត្ត ដែលរងគ្រោះខ្លាំងជាងគេ ក្នុងចំណោម៧ខេត្ត ហើយបើសរុបទាំង៧ខេត្ត មានជាង២ម៉ឺនគ្រួសារ កំពុងរងគ្រោះ ដោយសារទឹកជំនន់ ព្រមទាំង លិចដីស្រែចម្ការ ជាង២០០០កន្លែង។ ទឹកជំនន់ និងការបាក់ដី បានសម្លាប់មនុស្ស មនុស្សជាង១០នាក់ ហើយ របួសប្រមាណ ២០នាក់ផ្សេងទៀត ក្នុងរយៈពេល១ខែមកនេះ។
គួររម្លឹកថា ទឹកជំនន់ថៃ ធ្លាប់បានសម្លាប់មនុស្ស ជាង៥០០នាក់ និងបំផ្លាញផ្ទះរាប់លានខ្នង នៅទូទាំងប្រទេសថៃ កាលពីឆ្នាំ២០១១៕
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត